តារាសម្តែងស្រីថៃត្រូវបានគេវាយតម្លៃថាបានធ្វើសកម្មនៅក្នុងវិស័យសិល្បៈនិងសកម្មភាពអាជីវកម្មក្នុងមួយឆ្នាំៗនាងរកបានប្រាក់ចំណូលជាច្រើន។
នៅថ្ងៃទី២០ ខែសីហា សារព័ត៌មាន Sanook បានផ្សាយថា នាង Pinky Savika បច្ចុប្បន្នជាចំណុចចាប់អារម្មណ៍បំផុតក្នុងវិស័យសិល្បៈរបស់ថៃ ។ នាងជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ ហើយពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន។ តាមគេហទំព័រខាងលើ ស្រីស្អាត«សណ្តាញស្នេហ៍ Catwalk ធ្លាប់ជាតារាល្បីលំដាប់កំពូលនៅប្រទេសថៃ ដែលមានប្រាក់ចំណូលស្ថិរភាពជាងគេក្នុងវិស័យសិល្បៈថៃ មុនពេលត្រូវបានចាប់ឃុំខ្លួន។
តាមសារព័ត៌មាន Sanook នាង Pinky Savika មិនធ្លាក់ខ្លួនខ្វះប្រាក់រហូតដល់បោកប្រាក់មនុស្សរាប់ពាន់នាក់នោះឡើយ។ តាមតួលេខរបស់ក្រសួងអភិវឌ្ឍន៍អាជីវកម្ម ដែលបានប្រកាសនៅថ្ងៃទី១៩ខែសីហាថា នាង Pinky Savika បានកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនចំនួន៤ ក្នុងនោះមានក្រុមហ៊ុន២បានបិទទ្វារ។
ប្រាក់ចំណូលដែលនាង Pinky Savika ទទួលបានពីក្រុមហ៊ុនចំនួនពីរនៅក្នុងឆ្នាំ ២០២១ គឺមានជិត១០,៧ លានបាត (ប្រមាណ៣សែនដុល្លារអាមេរិក)។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនគ្រឿងសម្អាង និងធ្វើឱ្យស្អាតរបស់នាង ក៏ទទួលបានប្រាក់ចំណូល១៧៣ពាន់ដុល្លារ និងក្រុមហ៊ុនគ្រប់គ្រងតារារកប្រាក់ចំណូលបាន១២៣ពាន់ដុល្លារផងដែរ។ នេះមិនគិតពីតម្លៃខ្លួននៅក្នុងការសម្តែងនោះឡើយ។ ក្នុងពេលដែលនាងស្ថិតនៅចំណុចកំពូលល្បីខ្លាំង នាងទទួលបានប្រាក់ដល់ទៅ១,៣លានដុល្លារ សម្រាប់សម្តែងភាពយន្តមួយរឿង។
នាងទទួលបានជោគជ័យជាច្រើនក្នុងអាជីពសិល្បៈ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយថា នាង Pinky Savika មិនអាចបន្តសកម្មភាពសិល្បៈទៀតឡើយដោយសារតែការបោកប្រាស់ ។កាលពីថ្ងៃទី ១៨ខែសីហា នាង Pinky Savika រួមទាំងបងប្រុស ម្តាយ និងមនុស្ស១៩នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទបោកប្រាស់។
តុលាការព្រហ្មទណ្ឌបានចេញដីកាឃុំខ្លួននាង Pinky Savika និងអ្នកជាប់ចោទផ្សេងទៀត។ នាងនិងម្តាយក៏បានដាក់លិខិតសុំនៅក្រៅឃុំបណ្តោះអាសន្ន តែតុលាការមិនព្រម ដោយសារតែរឿងក្តីមានសភាពធ្ងន់ធ្ងរ ដោយជនរងគ្រោះក្នុងការបោកប្រាស់របស់នាង Pinky Savika មាដល់ទៅ៩៨២៤នាក់ និងទឹកប្រាក់បានពីការបោកប្រាក់មានដល់ទៅ ២,៥ពាន់លានបាត ប្រមាណ៦៩លានដុល្លារអាមេរិក ។
ក្រុមស្រាវជ្រាវពិសេសរបស់ថៃ បានបើកការស្រាវជ្រាវ នាង Pinky Savika ក្រោយពេលឃើញរូបថតរួមជាមួយលោក Apirak ប្រធានគ្រប់គ្រង កម្មវិធី Forex-3Dដែលរងការចោទប្រកាន់ពីការឆបោកប្រាក់ ។ កន្លងមក បងប្រុសរបស់នាង Pinky Savika ក៏ធ្លាប់បានបង្ហោះអត្ថបទអំពាវនាវឲ្យវិនិយោគទៅលើ Forex-3D។
មុនពេលត្រូវបានចាប់ខ្លួន នាង Pinky Savika ធ្លាប់បានលើកឡើងថា នាងមិនមានការពាក់ព័ន្ធនឹងសកម្មភាពបោកប្រាស់នោះឡើយ ។ នាងបញ្ជាក់ថា នាងក៏ជាជនរង្គ្រោះផងដែរ ដោយបានវិនិយោគទឹកប្រាក់១០លានបាត តែមិនទាន់ទទួលបានប្រាក់វិញនៅឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ Instagram Pinky Savika