ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស ដំណើរការកម្មវិធីកសិកម្មសហគមន៍ជាមួយប្រជាកសិករស្រុកអង្គស្នូល

ចែករំលែក៖

ភ្នំពេញ៖​ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ជាមួយប្រជាកសិករជាច្រើនគ្រួសារនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ កម្មវិធីដែលបានដំណើរការ រួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។

កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម ជន្លេននឹងបញ្ចេញមកវិញនូវលាមកដែលមានសារធាតុចិញ្ចឹមជាច្រើន។ លាមកជន្លេនទាំងនោះ នឹងក្លាយជាជីធម្មជាតិ និងធ្វើឲ្យដីមានជីជាតិឡើងវិញសម្រាប់ដំណាំ និងបន្លែ។ វិធីសាស្ត្រនេះ ជួយកាត់បន្ថយសំរាម និងកាត់បន្ថយការដុតវាចោលដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។

លើសពីនេះ ប្រជាកសិករ ចំណាយដើមទុនតិចបំផុតក្នុងការចិញ្ចឹមជន្លេន ហើយពួកគេក៏នឹងអាចលក់ជន្លេនដើម្បីធ្វើជាចំណីត្រីដែលអាចបង្កើនប្រភពចំណូលបន្ថែមផងដែរ។

កម្មវិធីទីពីរ គឺការបរិច្ចាគគ្រាប់ពូជបន្លែ។ នេះជាកម្មវិធីដែលបានមកពីការចូលរួមរបស់បុគ្គលិកណាហ្គាវើលដ៍ដែលពួកគេបានចូលរួមហាត់ប្រាណក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ចំនួនម៉ោង ឬចម្ងាយនៃការធ្វើលំហាត់ប្រាណរបស់ពួកគេ ដូចជា ការដើរ រត់ ឬជិះកង់ ជាដើម ត្រូវបានគណនាទៅជាចំនួនគ្រាប់ពូជបន្លែសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកអង្គស្នួល។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “នៅពេលបុគ្គលិកកាន់តែច្រើនចូលរួមហាត់ប្រាណ មានន័យថាពួកគេអាចរកគ្រាប់ពូជបន្លែបានកាន់តែច្រើនសម្រាប់ប្រជាកសិករក្នុងស្រុកអង្គស្នួល។ មានបុគ្គលិករបស់យើងជាច្រើនបានចូលរួមហាត់ប្រាណ និងរក្សារបៀបរស់នៅសកម្ម និងប្រកបដោយសុខភាពល្អក្នុងអំឡុងពេលបិទខ្ទប់។ ពួកគេបានខិតខំហាត់ប្រាណដើម្បីសុខភាពល្អផង និងជួយដល់សហគមន៍របស់ពួកគេផង”។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហានេះនៅសាលាស្រុកអង្គស្នួលក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល។ លោក សាន វ៉ាន់ធុល បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលផ្តល់ចំណេះដឹង និងប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើង។ ការបរិច្ចាគគ្រាប់ពូជបន្លែ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដុះដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ខណៈដែលការចិញ្ចឹមជន្លេន គឺជាវិធីសាស្ត្រថ្មីជួយលើកកម្ពស់វិស័យកសិកម្មរបស់យើង”៕ ដោយ​៖ស​ តារា​

ប្រជាកសិករ ទទួលគ្រាប់ពូជបន្លែនៅក្នុងពិធីប្រគល់ និងទទួលដែលត្រូវបានធ្វើឡើងនៅសាលាស្រុកអង្គស្នួលក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក ម៉ៅ សិទ្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន

ពលរដ្ឋដែលចូលរួមសិក្ខាសាលានៅកសិដ្ឋានណាហ្គា សិក្សាស្វែងយល់អំពី “របៀបប្រមូលផលដំឡូង និងការចិញ្ចឹមជន្លេនក្នុងពេលតែមួយ”

មន្ត្រីកសិដ្ឋានណាហ្គា បង្ហាញអំពីចំបើងសើម និងដីដែលនឹងត្រូវបានប្រែក្លាយទៅជាជីសរីរាង្គដោយជន្លេន


ចែករំលែក៖