ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជាប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ សមាគម អតីតយុទ្ធជនខេត្ត និងក្រុងបាត់ដំបង រសៀលថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រចំនួន ៣០គ្រួសារ នៅក្រុងបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ហើយលោកប្រធានក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឫក្រុមការណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិយើង។
ក្នុងឳកាសនោះដែរអតីតយុទ្ធជនទាំង ៣០គ្រួសារដែលចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះបានទទួលអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ មី ១កេស និងថវិកា ៥០.០០០រៀលផងដែរ។
ជាទីបញ្ជាប់តំណាងអតីតយុទ្ធជនទាំង ៣០គ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី សូមទទួលបាននូវសេចក្តីសុខ មានសុខភាពល្អ និងជួបប្រទះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី