ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនៅសង្កាត់វាលស្បូវ

ចែករំលែក៖

ភ្នំពេញ៖ សមិទ្ធផលថ្មីមួយទៀតបាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗហើយ គឺផ្លូវបេតុងមួយខ្សែមានប្រវែង ២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូដោះទឹក១ខ្សែប្រវែង ២០០០ ម៉ែត្រ មុខកាត់០.៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។

       នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ។

      ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែប្រវែង ២០០០ ម៉ែត្រ នេះ លោកអភិបាលខណ្ឌ បានណែនាំ ឲ្យមន្ត្រីជំនាញរួមនិងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំក្នុងការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបានទទួលការតាំងពីចាប់ផ្តើមការដ្ឋានរហូតដល់ចប់ជាស្ថាពរ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរនៅគ្រាដែលការដ្ឋានកំពុងដំណើរការសាងសង់។

      ផ្លូវបេតុងថ្មីដែលសាងសង់ជិតរួចរាល់នេះនឹងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ។បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំង និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខណ្ឌ អាជ្ញាធរសង្កាត់ និងជាពិសេស សូមគោរពថ្លែងអំណរគុណចំពោះលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ផ្លូវបេតុង និងដាក់លូដោះទឹកចំនួន ១ខ្សែនេះ ដែលជាការដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ហើយបង្កនូវការងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ ៕

ដោយ ៖ សណ្តោស


ចែករំលែក៖