ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ដឹកនាំ​មន្រ្តីជំនាញ​ ចុះសិក្សាស្វែងយល់សត្វស្លាប និងសភាវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ចែករំលែក៖

ខេត្ត​តាកែវ​ ៖​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋបាលខេត្ត ចុះសិក្សាស្វែងយល់សត្វស្លាប និងជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត។

នាឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើជួបសំណេះសំណាល ជាមួយមន្រ្តីឈរជើងប្រចាំការនៅទីស្នាក់ការ តំបន់ទេសភាពការពារបឹងព្រែកល្ពៅ ដោយថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះមន្រ្តីមន្ទីរបរិស្ថាន និងអង្គការជាដៃគូរ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចដ៏មានសារសំខាន់ ឈរជើងប្រចាំការការពារសត្វស្លាបជាច្រើនប្រភេទ និងជីវៈចម្រុះផ្សេងៗ នៅតំបន់ការពារទេសភាពបឹងល្ពៅ ហើយការដឹកនាំមន្រ្តីក្រោមឪវាទចុះមកថ្ងៃនេះក្នុងគោលបំណងសិក្សាស្វែងយល់អំពីការរស់នៅរបស់សត្វស្លាបក៏ដូចជាជីវ:ចម្រុះដែលរស់នៅក្នុងតំបន់នេះផងដែរ។

លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកលល្ពៅ ជាតំបន់ដីសើម ដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ហើយក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ។

លោកប្រធានមន្ទីរ បានបន្ថែមថា តំបន់បឹកព្រែកល្ពៅនេះ គឺជាតំបន់ដីសើមដ៏ធំមួយ ដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ ៩០អនក្រ.បក ចុះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅស្រុកបូរីជលសារ និង ស្រុកកោះអណ្តែត ខេត្តតាកែវ ៕

ដោយ​៖សហការី​


ចែករំលែក៖