ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវលើកទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វិញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា , ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំខាងលើ និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូន ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃ ទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ ក្រសួងនឹងផ្សព្វផ្សាយកម្មវិធីការងារលម្អិតស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖