ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន​ស្រ្តីម្នាក់​នៅស្រុកក្រគរ​ ក្រោយរកឃើញគ្រឿងញៀន​ជាច្រើន​កញ្ចប់​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ស្រ្តី​ម្នាក់​ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុងស្រុក​ក្រគរ​​ ត្រូវ​បានកម្លាំងនគរបាលស្រុក​ចុះស្រាវជ្រាវ បង្រ្កាប​ និងឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ជាក់ស្ដែង​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ដែលបានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះ។ 

    ជនសង្ស័យ​ឈ្មោះ​ យិ​ន​ សុភាព​ ភេទ​ស្រី​  អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

    ​របាយការណ៍​ដដែល​បន្តថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ​ មោក​ ភារ​ម្យ​ អធិការ​​នគរបាល​ស្រុក​ បានសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្បាល​ត្រាច​ និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​ត្នោត​ ចុះស្រាវជ្រាវ​រហូត​ឈានដល់ការឃាត់ខ្លួន​ស្រ្តី​ជាជនសង្ស័យ​កាលពី​វេលា​ម៉ោង​៦​និង២០នាទី​ព្រលប់​ថ្ងៃ​ទី​២៤​ ខែសីហា​ម្សិលមិញ​ ក្នុងភូមិ​សំរោង​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។​

​​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៦​កញ្ចប់​តូច​,​ ថង់​ផ្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​,​ ឧបករណ៍​ជក់​ថ្នាំ​ញៀន​ចំនួន​០១​កំ​ប្លេ​,​ កាបូបដៃ​ពណ៌​ក្រហម​សម្រាប់​ដាក់​ថ្នាំ​ញៀនចំនួន​០១​។​

    ​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖អរុណ​រះ


ចែករំលែក៖