ប្រទេសថៃ៖ នេះមិនមែនជាលើកទី១ឡើយដែលតុលាការរដ្ឋធម្មនុញ្ញថៃលូកដៃក្នុងនយោបាយនៃប្រទេសថៃ។ កាលពីឆ្នាំ២០០៦ ក្នុងសម័យដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី
ថាក់ស៊ីន សុីណាវ៉ាត្រា និងឆ្នាំ២០១៤ ក្នុងសម័យដឹកនាំរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវបានតុលាការធម្មនុញ្ញលុបលទ្ធផលបោះឆ្នោតផងដែរ។
ក្នុងពេលនេះក៏មានក្រុមបាតុករទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែងដែរ។ នៅថ្ងៃទី២៤ខែសីហា ក្នុងពេលតុលាការចេញសាលក្រមព្យួរការងារ នាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ កម្លាំងប៉ូលិសបានដាក់ពង្រាយកម្លាំងការពារ ដោយមានរថយន្តកុងតឺន័របិទផ្លូវសំខាន់ៗចូលទៅកាន់ទីក្រុង ។
សារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ លោកប្រាយុទ្ធ ចាន់អូចា នៅតែបន្តធ្វើសកម្មភាព ដដែល ប៉ុន្តែក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ លោកប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិនៅថ្ងៃ២៥ខែសីហា ក្រោមវត្តមានមន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពេចស្រពឹលនៃនយោបាយក្នុងប្រទេសថៃ។
លោក ប្រាយុទ្ធ មានវ័យ៦៨ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះបានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រី ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោកតាម
រដ្ឋធម្មនុញ្ញ តែមិនបានផ្តល់កាលបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។
រហូតមកដល់ពេលនេះ លោកប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា លោកអាចនឹងនិយាយអំពីបញ្ហានេះក្នុងអំឡុងកិច្ចប្រជុំនេះឬអត់នោះទេ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោក ប្រាយុទ្ធ គោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ និងបានជំរុញឱ្យប្រជាជនថៃទទួលយកដូចគ្នា ខណៈដែលរដ្ឋាភិបាលដំណើរការទៅជា ធម្មតា។
ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan មានអាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម និងជាអតីតមេទ័ពដែលមានទំនាក់ទំនងយូរអង្វែងជាមួយលោក ប្រាយុទ្ធ នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែលោកមិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នោះទេ៕
ដោយ៖ ធីរីណា(រូបថត ៖ REUTERS)