ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូស្ថិតក្នុងភូមិសាស្រ្តស្រុកអន្លង់វែង​

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​បានចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ​ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង​ បន្ទាប់ពី​មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាសង្ស័យ​លួច​បេីកល្បែងខុសច្បាប់។ 

    របាយការណ៍​ដដែល​បន្តថា​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កាលពីរសៀលថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ​ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ (មានអាជ្ញាប័ណ្ណស្របច្បាប់) ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ជាលទ្ធផលបានរកឃើញទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍ (អនឡាញ) សរុបចំនួន០៦ទីតាំង។ 

    ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​នោះ ដោយអនុវត្តតាមនីតិវិធីជំនាញ សមត្ថកិច្ចបានធ្វើការអប់រំ និងកិច្ចសន្យាដល់ម្ចាស់ទីតាំងនៅនឹងកន្លែងខាងលើឱ្យបញ្ឈប់ការបើកលេងល្បែង ឬផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់បញ្ជល់មាន់តាមអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀត បើក្នុងករណីមានការលួចលេងល្បែងភ្នាល់ដាក់ប្រាក់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ដោយ​៖អរុណ​រះ


ចែករំលែក៖