ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៥ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ ត្រង់ចំណុចមណ្ឌលពិភពនៃក្ដីសង្ឃឹម ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ជនដៃដល់ឈ្មោះ យឿង ពេជ្រ ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពយកកាំបិតសម្រាប់ចាក់កជ្រូក ប្រវែង៤៥សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះ ឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ (ជាសន្តិសុខមណ្ឌល) មានទីលំនៅភូមិពង្រ ឃុំដំណាក់ដង្កេ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៣០នាទី។
តាមការបំភ្លឺរបស់លោកអធិការ បានឱ្យដឹងថា មូលហេតុដែលឈានដល់ការប្រើប្រាស់អាវុធជាកាំបិតកាប់ទៅសន្តិសុខមណ្ឌលនេះដោយសារជនសង្ស័យជាអ្នកញៀនថ្នាំជាប់នៅក្នុងមណ្ឌលកែប្រែនេះ នៅថ្ងៃកើតហេតុជនសង្ស័យមានជម្លោះជាមួយប្រពន្ធ ដែលទៅសួរសុខទុក្ខ ឃើញដូចនោះសន្តិសុខបានចូលទៅឃាត់ខ្លួនទើបបង្កជាហិង្សាតែម្តង។ វត្ថុតាងដកហូតបានមាន កាំបិតសម្រាប់ចាក់កជ្រូក ពណ៌ខ្មៅ ប្រវែង៤៥ សង់ទីម៉ែត្រ ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តរង់ចាំចំណាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សហការី