ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ទំនងជាជំងឺរើឡើងវិញយកកាំបិតកាប់ទៅលើអ្នកភូមិផ្អើលទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចន្រ្តីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើហិង្សាយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីម្នាក់ដែលរស់នៅក្នុងភូមិជាមួយបណ្ដាលឱ្យរងរបួស។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២២នៅក្នុងភូមិគ  ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះស្រី ងី ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគឃុំចន្រ្តី ស្រុករមាសហែកខេត្តស្វាយរៀង។

    ចំណែកស្ត្រីរងគ្រោះមានឈ្មោះទិត សាផល អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសចំមួយកាំបិតត្រូវចំថ្ពាល់ខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

   តាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទតែមិនមានលិខិតពេទ្យបញ្ជាក់ទេ ដោយមុនកើតហេតុស្ត្រីរងគ្រោះអង្គុយនិយាយគ្នាលេងដូចធម្មតា ហើយមិនដឹងជាយ៉ាងម៉េចទំនងជាជនសង្ស័យត្រូវជំងឺរើឡើងវិញក៏ស្រាប់តែទាញកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះចំនួនមួយកាំបិតត្រូវចំថ្ពាល់ខាងឆ្វេងបណ្ដាលឱ្យរងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររាយការណ៍មកសមត្ថកិច្ចភ្លាមៗតែម្ដង។

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តី៍នគរបាលរដ្ឋបាលដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖