ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តគម្រោង “កញ្ចប់នៃក្តីស្រឡាញ់” នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោក លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងបរទេសនៃមជ្ឈឹមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តគម្រោង “កញ្ចប់នៃក្តីស្រឡាញ់” ចំនួន ១០.០០០កញ្ចប់ ក្រោមកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) នៅសាលាបឋមសិក្សាអង្គកំនប់ ភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាច្រើនកុះករ។

ថ្លែងក្នុងពិធីនាឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិធីនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសម្របសម្រួលអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ គឺបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (CNIE) និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងនាមជាមិត្តល្អ មិត្តប្រវត្តិសាស្ត្រ និងអ្នកជិតខាងល្អ។ 

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបន្តថា ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តួចផ្តើមគំនិត និងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកសាង “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center)” នៅតាមវិទ្យាល័យទូទាំងប្រទេសដេីម្បី ជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) នឹងពិនិត្យលទ្ធភាពចូលរួមសហការក្នុងគម្រោងដ៏មានសារៈប្រយោជន៍នេះ។

ឆ្លៀតក្នុងឱកាសនោះ គណៈអធិបតីបានអញ្ជើញពិនិត្យវឌ្ឍនភាពការងារគម្រោងមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន ព្រមទាំងសំណេះសំណាលជាមួយប្រជាជននៅទីនោះផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖