ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការប្រឈមមុខតានតឹងជាថ្មី ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឱ្យធ្វើបច្ចុប្បន្នគម្រោងទប់ទល់ជាមួយកូរ៉េខាងជើង

ចែករំលែក៖

ស្ថានការណ៍ឧបទ្វីបកូរ៉េបានប្រឈមមុខតានតឹងជាថ្មី បន្ទាប់ពីអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៨មក។ ក្នុងពេលទៅត្រួតពិនិត្យលេណដ្ឋាន(boongke)យោធា ក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតី Yoon Suk-yeol បានចេញបញ្ជាឱ្យធ្វើបច្ចុប្បន្នស្ថានភាពយុទ្ធសាស្ត្រ ទប់ទល់ជាមួយនឹងការគំរាមកំហែងដោយគ្រាប់បែកបរមាណូពីកូរ៉េខាងជើង ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២បានផ្សាយថា លោក Yoon Suk-yeol បានចេញបទបញ្ជាដូចខាងលើក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់លេណដ្ឋានយោធាក្នុងរដ្ឋធានីសេអ៊ូល ដែលនឹងបម្រើជាទីបញ្ជាការគ្រប់គ្រងក្នុងព្រឹត្តិការណ៍ដែលសង្រ្គាមផ្ទុះឡើង។
សមយុទ្ធយោធាប្រចាំឆ្នាំនារដូវក្តៅ ដែលមានហៅថា Ulchi Freedom Shield នឹងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែកញ្ញា ខាងមុខ ខណៈដែលក្នុងឆ្នាំនេះរួមមានការចេញហ្វឹកហ្វឺននៅទីលានខាងក្រៅផ្ទាល់ជាលើកដំបូងរវាងយោធាប្រទេសទាំងពីរ ហើយមានទ្រង់ទ្រាយធំជាងមុនគិតចាប់តាំងពីឆ្នាំ២០១៧មក ក្រោយពីត្រូវបានកាត់បន្ថយទំហំដោយសារតែវិបត្តិកូវីដ-១៩ ក៏ដូចជាដោយសារកិច្ចប្រឹងប្រែងរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក
មូន ចេអ៉ីន ដែលចង់លើកកម្ពស់ទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ក្នុងដំណើរទស្សនកិច្ចនាថ្ងៃ២៥ខែសីហានេះ លោក យូន ស៊ុកយុល បានប្រាប់ក្រុមមេបញ្ជាការយោធាកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «យើងត្រូវតែត្រៀមជាបន្ទាន់នូវចំណាត់ការនានា ដើម្បីធានានូវអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនយើង ក្នុងនោះរួមមានទាំងការធ្វើបច្ចុប្បន្នផែនការសង្រ្គាម ទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ដែលកំពុងក្លាយជាការណ៍ពិត»៕ ដោយ៖ ធីរីណា

រូប​ថត​:​AFP/TTXVN-VNA


ចែករំលែក៖