ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា អញ្ជើញចូលរួមជាអធិបតីដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា “WoodAI” ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា “WoodAI” ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជារយៈចង្វាក់ផលិតកម្មរបស់ខ្លួន។ នេះជាកិច្ចសហការដ៏ប្រសើរមួយក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុនH&M Group និងអង្គការWWF នៅកម្ពុជា។ H&M Group មានរោងចក្រជាសមាជិកប្រមាណ ៣០ក្រុមហ៊ុននៅកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រមាណ ២ ខែមកហើយ និងអនុញ្ញាតប្រើប្រាស់ប្រភេទឈើប្រមាណ ១០ ប្រភេទដែលមិនមែនជាឈើធម្មជាតិជាប្រភពថាមពលរបស់ខ្លួនរួមមាន៖ ដើមអាកាស្យា ដើមស្វាយចន្ទី ដើមអំពិល ដើមកៅស៊ូ ដើមច្រេស ស្វាយ ត្រសេក អង្កាំជាដើម។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានសូមសាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបញ្ញាសប្បនិម្មិតសម្រាប់អត្តសញ្ញាណកម្មប្រភេទឈើដែលត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូនៃក្រុមហ៊ុន H&M Group និង អង្គការWWF »។ លោកបានថ្លែងទៀតថា៖ «យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះពីសំណាក់ អង្គការWWF និង ក្រុមហ៊ុន H&M Group ហើយសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន H&M Group ក្នុងការរួមចំណែកដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងក្នុងការចូលរួមកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន»។ 

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា៖ «កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗមួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ក្រសួងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធានព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ»។ លោករដ្ឋលេខាធិការ ក៏បានអំពាវនាវផងដែរដល់វិស័យឯកជនឲ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ក្រុមហ៊ុនទាំងអស់ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកអនុវត្តសកម្មភាពនានាតាមលទ្ធភាពដែលខ្លួនធ្វើបានក្នុងការជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវរាល់គំនិតផ្តួចផ្តើមដែលគាំទ្រដល់គោលបំណងនេះ គាំទ្រដល់រាល់គម្រោងមេត្រីភាពបរិស្ថាន ដែលលើកកម្ពស់ការអនុវត្ត និងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដល់ការអភិរក្ស។

កម្មវិធី WoodAI អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ កម្មវិធីនេះអាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំដូចជាស្វាយ និងស្វាយចន្ទីជាដើម ដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើធម្មជាតិនោះឡើយ។

លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ អង្គការWWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជានៅមានសភាពល្អផ្តល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះហើយ យើងតែងរិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAI នេះ ព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ»។ 

ការផ្តល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ គឺជាការបោះជំហានល្អមួយក្នុងការរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហាអាកាសធាតុសកល។ វាជា គន្លឹះចាំបាច់ក្នុងវិស័យវាយនភ័ណ្ឌដោយថាមពល ដែលគេ ប្រើ ក្នុង ការ ផលិត សម្លៀក បំពាក់ គឺ ជាកត្តា រួម ចំណែក ធំ បំផុត ទៅដល់ ការ បំភាយឧស្ម័ន ផ្ទះ កញ្ចក់។ ថាមពល នេះ ត្រូវ បានគេ ប្រើ ក្នុង ខ្សែសង្វាក់ផលិតកម្ម ដូច ជា ការ បោកគក់ និង ការ អ៊ុតសម្លៀក បំពាក់ជាដើម ហើយ ដែលថាមពលនេះមានប្រភពមកពី ធ្យូង ថ្ម ឧស្ម័ន និង ជីវម៉ាស ដូច ជា ឈើនេះជាដើម។

ការប្រើប្រាស់កម្មវិធី WoodAI ជាផ្នែកមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀតរួមគ្នា វាក្លាយជាធនធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំ និងព្រៃឈើធម្មជាតិនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន H&M Group គាំទ្រគម្រោងបែបនេះ ក្នុងគោលបំណងរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឱ្យមានគុណភាពល្អដើម្បីបន្តស្រូបយកឧស្ម័នកាបូនិក។ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ អង្សាសេ ហើយវាក៏មានសារៈសំខាន់ផងដែរសម្រាប់គោលដៅរបស់ក្រុមហ៊ុន H&M Group ក្នុងការសម្រេចបានnet-zeroនៅឆ្នាំ ២០៤០។

លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «វាពិតរំភើបណាស់សម្រាប់ការសាកល្បងអនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និងស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់កិច្ចការរបស់យើងជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើព្រៃឈើធម្មជាតិរបស់កម្ពុជា»៕

ដោយ ៖ សិលា


ចែករំលែក៖