ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ចៅអធិការវត្តប៉ោយអង្គរត្រូវបានមន្ទីរធម្មការផ្សឹកហើយ បន្ទាប់ពីបើករថយន្តខ្លួនឯងបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានផ្សឹកចៅអធិការវត្តប៉ោយអង្គរ ឃុំតាគង់ហើយ បន្ទាប់ពីល្មើសនឹងវិន័យសង្ឈ បើកបររថយន្តខ្លួនឯងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកទៅបុករថយន្ត០១គ្រឿងទៀតដែលកំពុងធ្វើដំណើរលើដងផ្លូវជាមួយគ្នា នៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចភ្លើងស្តុបសាលាខេត្តប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា៖ រថយន្តបង្កក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកCamry ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2L-0874 បើកបរដោយព្រះសង្ឃជាចៅអធិការវត្តប៉ោយអង្គរ ព្រះនាម  ហ៊ីង ចក់ ព្រះជន្ម៤៣ឆ្នាំ រស់នៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ក្នុងនោះមានអ្នករួមដំណើរព្រះសង្ឃ១អង្គនិងយាយជីម្នាក់។

លោកនាយការិយាល័យដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុរថយន្តបង្កម៉ាកCamry ឆ្លាម បានធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿននិងអ្នកបើកមានជាតិអាល់កុល(ងោក)មិនប្រកាន់ស្តាំ បានបុកប៉ះជាមួយរថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2J-8522 បើកបរដោយឈ្មោះយ៉ាយ ពៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ បើកបរក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង ។

លោក គី មករា បានបញ្ជាក់បន្ថែមថា៖ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ ខូចតែរថយន្តធ្ងន់ទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ដោយឡែក ចៅអធិការវត្តជាអ្នកបើកបររថយន្តCamry ឆ្លាម តាមការត្រួតពិនិត្យគឺមានអត្រាជាតិអាល់កុល 0,92មិលី្លក្រាមក្នុង១លីត្រខ្យល់និងគ្មានប័ណ្ណបើកបរ ត្រូវបានប្រគល់ជូនមន្ទីរធម្មការនិងសាសនាខេត្តមានវិធានការបន្តនិងត្រូវបានផ្សឹកហើយដែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖