ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ បើទោះបីអ៊ុយក្រែនឈប់ចូលជាសមាជិកណាតូក្តី

ចែករំលែក៖

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាអនុប្រធានគណៈកម្មការសន្តិសុខជាតិ នៅថ្ងៃទី២៦ខែសីហា បានប្រកាសថា ទីក្រុងមូស្គូនឹងមិនផ្អាកសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ បើទោះបីរដ្ឋាភិបាលទីក្រុងកៀវ បោះបង់គោលបំណងចូលជាសមាជិកណាតូក៏ដោយ ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev) ដែលជាអតីតប្រធានាធិបតី និងបច្ចុប្បន្នជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ីបានលើកឡើងដូច្នេះថា «ការប្រកាសបោះបង់ចោលក្តីសង្ឃឹមចូលរួមក្នុង បក្សសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង (NATO) គឺជារឿងចាំបាច់មួយនាពេលឥឡូវនេះ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកសន្តិភាពនោះទេ»។
លោក មេដវ៉េដេវ បានលើកឡើងថា រុស្ស៉ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន រហូតសម្រេចបានគោលដៅទាំងអស់។ កន្លងមកនេះ លោកពូទីន ផ្ទាល់ធ្លាប់បាននិយាយថា ការធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺលោកចង់កម្ចាត់គំនិតណាហ្ស៉ីនិយម នៅក្នុងប្រទេសនេះ។ រីឯទីក្រុងកៀវនិងក្រុមប្រទេសលោកខាងលិចវិញ បាននិយាយថា វាគឺជាលេសដែលគ្មានមូលដ្ឋានត្រឹមត្រូវសម្រាប់ការបំផ្ទុះសង្រ្គាមរំលោភទឹកដីនៅអ៊ុយក្រែន។
ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើមមក ទីក្រុងកៀវនិងទីក្រុងមូស្គូបានបើកកិច្ចចរចាប៉ុន្មានលើកជាមួយគ្នា ក៏ប៉ុន្តែកិច្ចចរចាទាំងនោះមិនសម្រេចបានភាពរីកចម្រើនអ្វីឡើយ ស្តីពីការឆ្ពោះទៅរកសន្តិភាព ហើយមកទល់នឹងពេលនេះទៀតសោត មានលទ្ធភាពតិចតួចប៉ុណ្ណោះដែលថាកិច្ចសន្ទនានឹងបន្តឡើងវិញរវាងភាគីទាំងពីរ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖