ភ្នំពេញ ៖ ប្រភព (AFP) បានបញ្ជាក់ថា, Black Hole ជាចំណុចមួយ នៅក្នុងអវកាស ដែលមានកម្លាំងទំនាញយ៉ាងខ្លាំង សូម្បីតែពន្លឺក៏មិនអាចគេចចេញបានដែរ។ ជាការពិត មនុស្សម្នាក់ៗ មិនអាចមើលឃើញ Black Hole ដោយភ្នែកទទេៗបានទេ ប៉ុន្តែគេអាចកំណត់វាបានតាមរយៈកែវពង្រីក (Telescope) ដែលត្រូវបានបង្ហោះទៅក្នុងអវកាស។
ប្រភពពី (AFP) បានបកសា្រយបន្តថា, អ្នកវិទ្យាសាស្រ្ត បានប៉ាន់ប្រមាណថា Black Hole មានរហូតដល់១០០លានឯណោះ ក្នុងកញ្ចុំផ្កាយ Milky Way ដែលប្រព័ន្ធព្រះអាទិត្យរបស់ពិភពផែនដីស្ថិតនៅ។ Black Hole មានទាំងតូច និងធំ។ តាមការបញ្ជាក់របស់អង្គការណាសា (NASA) Black Hole ដែលតូចបំផុត គឺមានទំហំប៉ុនអាតូម។ បើទោះ Black Hole ទាំងនេះ មានទំហំតូចមែន ប៉ុន្តែវាមានម៉ាសប៉ុនភ្នំមួយឯណោះ។
Black Hole មួយប្រភេទទៀតមានទំហំធំ ហើយវាមានម៉ាសធំជាងម៉ាសរបស់ព្រះអាទិត្យរហូតដល់២០ដង។ Black Hole ប្រភេទនេះ ត្រូវបានហៅថា Stellar។ ចំណែកBlack Hole មួយប្រភេទទៀត មានម៉ាសធំខ្លាំង និងត្រូវបានហៅថា «Supermassive»។ ប្រភេទ Black Hole បែបនេះ មានម៉ាសធំជាងព្រះអាទិត្យ ១លានដងឯណោះ។
តាមការបញ្ជាក់របស់អង្គការណាសាដដែល វាមានព័ស្តុតាងបង្ហាញថា នៅក្នុងប្រព័ន្ធផ្កាយធំៗ Black Hole ប្រភេទ«Supermassive» គឺមានវត្តមាននៅចំណុចកណ្តាលនៃប្រព័ន្ធផ្កាយនោះ។ ចំណែកកញ្ចុំផ្កាយ Milky Way ដែលមានភពផែនដីតាំងនោះ ក៏មាន Black Hole ប្រភេទ«Supermassive» ដោយវាត្រូវបានដាក់ឈ្មោះថា «Sagittarius A»។ ម៉ាសរបស់«Sagittarius A» គឺស្មើនឹងម៉ាសព្រះអាទិត្យ ៤លានដង និងមានចម្ងាយ ២៦០០០ ឆ្នាំពន្លឺពីផែនដី។ ១ឆ្នាំពន្លឺ មានចម្ងាយជាង ៩,៦៦១ ទ្រីលានគីឡូម៉ែត្រ។
Black Hole ដែលស្ថិតជិតភពផែនដីជាងគេ ត្រូវបានដាក់ឈ្មោះថា «The Unicorn» និងស្ថិតនៅចម្ងាយ១៥០០ឆ្នាំពន្លឺ។
ទាក់ទិននឹងទ្រឹស្តីBlack Hole នេះ លោក Albert Einstein នៅក្នុងឆ្នាំ១៩១៦ បានប៉ាន់ប្រមាណជាលើកដំបូងពីវត្តមានរបស់វា ដោយផ្អែកលើទ្រឹស្តីទំនាញ។ យ៉ាងណាមិញ ពាក្យBlack Hole នេះ ទើបតែត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៧ប៉ុណ្ណោះ ដោយតារាវិទូអាម៉េរិក លោក John Wheeler។ Black Hole ដែលត្រូវបានរកឃើញដំបូងបំផុត គឺCygnus X-1។
យ៉ាងណាមិញ គេមិនអាចមើល Black Hole បានដោយភ្នែកទទេឡើយ ដោយសារកម្លាំងទំនាញ អាចស្រូបពន្លឺទៅចំណុចកណ្តាលរបស់ Black Hole។ ប៉ុន្តែតាមរយៈកែវពង្រីក ឬ Telescope ដែលមានវត្តមាននៅក្នុងអវកាស អ្នកវិទ្យាសាស្រ្ត អាចមើលឃើញពីកម្លាំងទំនាញដ៏ខ្លាំងចំពោះផ្កាយ និងហ្គាសនៅជុំវិញ Black Hole។
អង្គការណាសា តាមរយៈអត្ថបទមួយចេញផ្សាយនៅក្នុងឆ្នាំ២០១៨ បានបង្ហាញថា Black Hole មួយ មិនអាចធ្វើដំណើរនៅក្នុងអវកាសដើម្បីបំផ្លាញផ្កាយ ព្រះចន្ទ ឬភពផ្សេងទៀតបានឡើយ។ ចំណែកភពផែនដី ក៏មិនអាចធ្លាក់ចូលទៅក្នុង Black Hole បានដែរ ដោយសារតែ Black Hole ស្ថិតនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ។
(AFP) បន្តថា, ទីភ្នាក់ងាររបស់អាម៉េរិកមួយនេះ បានបន្តពន្យល់ថា ក្នុងករណី Black Hole មានម៉ាសប៉ុនព្រះអាទិត្យ និងជំនួសកន្លែងព្រះអាទិត្យ ភពផែនដីនៅតែមិនអាចធ្លាក់ចូលបានដែរ ប៉ុន្តែភពផែនដី និងភពផ្សេងទៀត នឹងបន្តវិលជុំវិញ Black Hole នោះ ដូចផែនដី និងភពផ្សេងទៀត វិលជុំវិញព្រះអាទិត្យក្នុងពេលបច្ចុប្បន្ន។
ក្នុងអត្ថបទដដែល អង្គការណាសា បានបន្ថែមថា Black Hole តូចបំផុត អាចកើតមានចាប់តាំងពីចក្រវាល ចាប់ផ្តើមមក។ ចំណែក Black Hole ប្រភេទ «Supermassive» អាចមានវត្តមានឡើងស្របពេលកញ្ចុំផ្កាយកើតមានដែរ៕
ដោយ ៖ សហការី