ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.ស.ក)បានលើកឡើងថា, ផ្សារភ្ជាប់ជាមួយប្រសាសន៍របស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញ លោក ហ៊ុន ម៉ានី បានរំលេចបន្ថែមអំពីសារប្រយោជន៍នៃការពង្រឹងសមត្ថភាពរបស់យុវជនធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ មើលឃើញពីសមត្ថភាពក្នុងការដឹកនាំយុវជនបន្តវេនដូចទៅនឹងអ្វីដែល លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ” ដោយសារសមត្ថភាព និងការខិតខំប្រឹងប្រែងទើបធ្វើឱ្យថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាពពិតដែលធ្វើឱ្យយើងទទួលបានជោគជ័យ” ។ ជាក់ស្ដែងប្រសិនបើយើងក្រឡេកមកមើលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យជាច្រើនរូបដែលសុទ្ធសឹងតែមានប្រវត្តិជាសមាជិក សមាជិកា ស.ស.យ.ក.។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក.ក្នុងការសម្រេចគោលដៅរបស់ខ្លួនប្រកបដោយស្មារតីតស៊ូ និងឆន្ទៈមុៈមុត។ លោកបានបន្តថា នេះគឺជាស្មារតីនៃការរួបរួមសាមគ្គីរបស់សមាជិក សមាជិកា ស.ស.យ.ក. ដែលបានចូលរួមសាមគ្គីទោះបីក្នុងកាលៈទេសៈណាក៏ដោយ ហើយយើងពិតជាមានមោទកភាពយ៉ាងពិតប្រាកដដែលបានចូលរួមជាមួយការងារសង្គមដោយមិនមានការចាត់តាំងពីស្ថាប័នណាមួយឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សមាជិក សមាជិកា អោយបន្តការកសាងអំពើល្អក្នុងសង្គម ខិតខំដុសខាត់សមត្ថភាពខ្លួន ខំក្រេមជញ្ជក់ចំណេះដឹង និងព្យាយាមរៀនសូត្រពីការងាររួមទាំងដកស្រង់បទពិសោធន៍ជាក់ស្តែងដើម្បីសម្រេចនូវសមិទ្ធផលសម្រាប់ជីវិតនិងសង្គមជាតិ ៕
ដោយ ៖ សិលា