ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប ៖ មិនអនុញ្ញាតឱ្យពន្យារពេលជួបជុំនៅចម្ការលោក ខឹម វាសនា ទៀតនោះឡើយ ត្រូវរំសាយនៅយប់នេះ បើរឹងរូសចាត់វិធានការតាមផ្លូវច្បាប់ !

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចេញមកបញ្ជាក់បន្ថែមទៅលើសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តថា នឹងមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៀតនោះឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត។ នេះបើយោងតាមផេកផ្លូវការរបស់លោក នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ 

លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា លើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៣០ ខែសីហា នេះយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថា នឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត»។

ការចេញមកបញ្ជាក់របស់លោក ទៀ សីហា បានធ្វើឡើងក្រោយពេលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតចូលរដ្ឋបាលខេត្ត សុំពន្យារពេលនៃការជួបជុំរហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះ។

ដោយឡែក រដ្ឋបាលបាលឃុំត្បែងចេញលិខិតឆ្លើយតបចំពោះសេចក្តីជូនដំណឹងអំពីកម្មវិធីជួបជុំសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបដិសេធមិនអនុញ្ញាតឱ្យមានការរៀបចំ ដោយសំអាងនៅលើមូលដ្ឋានច្បាប់។

 រដ្ឋបាលបាលឃុំត្បែងចេញលិខិតឆ្លើយតបចំពោះសេចក្តីជូនដំណឹងអំពីកម្មវិធីជួបជុំសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបដិសេធមិនអនុញ្ញាតឱ្យមានការរៀបចំ ដោយសំអាងនៅលើមូលដ្ឋានច្បាប់ចំនួនដូចខាងក្រោម៖

– លិខិតជូនដំណឹងនេះកើតឡើងនៅក្រោយមានការជួបជុំប្រាព្ធពិធី

– ទីកន្លែងជួបជុំនិងស្នាក់នៅមានសភាពមិនសមស្រប មានមនុស្សច្រើនចង្អៀតណែនតាន់តាប់ ដែលបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងការរីករាលដាលនៃជំងឺកូវីដ១៩

– មានការចូលរួមពីអនីតិជនអាយុក្រោម១៨ឆ្នាំ ផ្ទុយពីការខ្លឹមសារនៃសេក្តីជូនដំណឹង ដែលថាជាការជួបជុំរបស់សមាជិកគណបក្ស

– រដ្ឋបាលខេត្តសៀមរាបបានចេញលិខិតណែនាំឱ្យបញ្ឈប់សកម្មភាពប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០យប់។ នេះបើយោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ 

លោក ឃឹម ហ្វីណង់ បានបន្តថា, រដ្ឋបាលឃុំត្បែងបានណែនាំបន្ថែមឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំទៅក្រសួងមហាផ្ទៃ ប្រសិនបើនៅតែបន្តចង់រៀបចំការជួបជុំសមាជិកបក្សរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖