ក្រុមកាំភ្លើងធំ Arsenal បានរក្សាការចាប់ផ្តើមជាមួយនឹងជ័យជម្នះ១០០%របស់ពួកគេក្នុងរដូវកាលនេះ ដើម្បីបន្តឈរនៅលើកំពូលតារាង Premier League ជាមួយនឹងការទទួលបាន៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវAston Villa ក្នុងលទ្ធផល២ទល់១។ លទ្ធផលនេះទំនងជានឹងមានសម្ពាធកាន់តែខ្លាំងទៅលើលោក Steven Gerrard ដែលជាអ្នកចាត់ការក្រុម Aston Villa ដែលបានឃើញក្រុមរបស់លោកចាញ់៤ប្រកួតក្នុងចំណោមការប្រកួតចំនួន៥លើកដំបូងរបស់ក្រុមនេះ។
ទោះជាយ៉ាងណាក៏ដោយ គាត់អាចមានការស្មុគស្មាញតិចតួច ដោយសារក្រុមរបស់គាត់កំពុងតស៊ូដើម្បីផ្គូផ្គងភាពខ្លាំងរបស់ក្រុមម្ចាស់ផ្ទះ ជាពិសេសនៅក្នុងវគ្គទីមួយ។ គ្រាប់ទី៣របស់ខ្សែប្រយុទ្ធ Gabriel Jesus បានជួយឲ្យក្រុមកាំភ្លើងធំនាំមុខក្នុងតង់ទី១ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបាល់ផុតដៃអ្នកចាំទី Emiliano Martinez របស់ Aston Villa ។
ក្រុម Aston Villa មានភាពប្រសើរឡើងបន្ទាប់ពីការសម្រាកក្នុងតង់ទី១និងបានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញនៅនាទីទី៧៤ដោយកីឡាករDouglas Luiz ខណៈដែលអ្នកចាំទី Aaron Ramsdale របស់ក្រុម Arsenal បានតវ៉ាថា គាត់ត្រូវបានរារាំងប៉ះគ្នាដោយ Boubacar Kamaraដែលពិបាកក្នុងការចាប់បាល់។ ក្រុមរបស់លោក Mikel Arteta ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អបានចូលវាយបកវិញភ្លាមៗ ហើយបាននាំមុខវិញ១គ្រាប់ជាមួយនឹងការស៊ុតបាល់បញ្ចូលពីសំណាក់កីឡាករGabriel Martinelli ក្នុងការបញ្ជូនបាល់យ៉ាងល្អរបស់ Bukayo Saka ។ជ័យជម្នះនេះមានន័យថា Arsenal បានឈ្នះការប្រកួតបើកឆាកលីគចំនួន៥ជាប់គ្នា ជាលើកដំបូងចាប់តាំងពីយុទ្ធនាការ២០០៤-២០០៥មក។
ចំណែកខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland ស៊ុតបញ្ចូលទីបាន៣គ្រាប់ របស់គាត់ក្នុងការប្រកួត ជួយឲ្យក្រុមមេឃខៀវ Manchester City យកឈ្នះលើក្រុមភ្ញៀវ Nottingham Forest ដែលទើបនឹងឡើងមកកាន់លីគកំពូលថ្មីៗ។
ខ្សែប្រយុទ្ធរូបនេះរកបាន៣គ្រាប់ផ្ទួនក្នុងតង់ទី១ ដោយគ្រាប់ទី១រកបាននៅនាទីទី១២ គ្រាប់ទី២រកបាននៅនាទីទី២៣ និងគ្រាប់ទី៣រកបាននៅនាទីទី៣៨ ដែលធ្វើឲ្យកីឡាករសញ្ជាតិន័រវេសរូបនេះកំពុងឈរលើគេបណ្តោះអាសន្នក្នុងនាមជាកីឡាករស៊ុតបាល់ចូលច្រើនជាងគេ។
ចូលដល់តង់ទី២ ក្រុមម្ចាស់មេឃខៀវ Man City នៅតែបន្តវាយសម្រុក និងគ្រប់គ្រងបាល់បានច្រើនដដែល ហើយនៅនាទីទី៥០ខ្សែបម្រើ Joao Cancelo បានបន្ថែមគ្រាប់ទី៤នៅពេលដែលការបញ្ជូនបាល់ដ៏ល្អរបស់ Bernardo Silva ឆ្លងកាត់តំបន់ពិន័យ។ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Premier League កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានស៊ុតបញ្ចូលទីយ៉ាងល្អផុតដៃអ្នកចាំទី Dean Henderson ។
បន្ទាប់មក ខ្សែបម្រើឆ្នើម Kevin de Bruyne បានបំប្លោងបាល់ចូលកណ្តាល ធ្វើឲ្យកីឡាករ Alvarez របស់ Man City យកបាល់បានហើយស៊ុតចូលគ្រាប់ទី៥ នៅនាទីទី៦៥ និងបានបន្ថែមគ្រាប់ទី៦នៅនាទីទី៨៧ ជិតចប់ការប្រកួត ធ្វើឲ្យក្រុមម្ចាស់ផ្ទះលុតក្រុមភ្ញៀវ ៦ទល់០។ លទ្ធផលដ៏ល្អនេះបានបន្តឲ្យ Man City ឈរលេខ២បណ្តោះអាសន្នតាមក្រុមលេខ១ Arsenal តែ២ពិន្ទុប៉ុណ្ណោះក្នុង៥ប្រកួតកន្លងមក។
ដោយឡែកក្រុមរបស់លោក Jurgen Klopp បានយកឈ្នះក្រុមភ្ញៀវNewcastle នៅ Anfield ទាំងប្រផិតប្រផើយក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃពុធនោះដែរ ដោយគ្រាប់បាល់ជ័យជម្នះគឺកើតឡើងនៅម៉ោងបន្ថែមឯណោះ។
ខ្សែប្រយុទ្ធចំណូលថ្មី Alexander Isak របស់ក្រុមភ្ញៀវ Newcastle បានបង្ហាញខ្លួនជាលើកដំបូងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការស៊ុតបាល់បញ្ចូលទីនាំមុខនៅនាទីទី៣៨ក្នុងតង់ទី១។
ប៉ុន្តែអ្វីៗបានប្រែប្រួលក្នុងតង់ទី២ ដោយក្រុមម្ចាស់ផ្ទះ Liverpool បានព្យាយាមវាយសម្រុករហូតដល់ធ្លាយគ្រាប់បាល់២គ្រាប់ ដែល១គ្រាប់រកបានដោយRoberto Firmino នៅនាទីទី៦១និងនៅសល់តែប៉ុន្មានវិនាទីប៉ុណ្ណោះចប់ការប្រកួត កីឡាករបម្រុង Carvalho បានទាត់ចូលទីក្រុមភ្ញៀវ Newcastle ដែលជាគ្រាប់ជ័យជម្នះផ្តល់ឲ្យក្រុមរបស់លោក Jurgen Klopp គឺនៅនាទីទី៩០+៨។ លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហមឡើងមកឈរចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នក្នុងតារាង Premier League រដូវកាលនេះ ដោយមាន៨ពិន្ទុ ក្នុង៥ប្រកួតកន្លងមក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)