ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន៖​ ដាក់ចេញនូវគោលការណ៍៣សំខាន់ៗ សម្រាប់ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរងនករបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាន-អង្គភាព លោកស្នងការនគរបាលរាជធានី-ខេត្ត ទាំង២៥ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាស​នោះ​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបប្រកាសចូលកាន់តំណែងត្រូវសហការជាមួយថ្នាក់ដឹកនាំក្នុងក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នខាងក្រៅ និងអង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីបន្ដសម្រេចគោលដៅសំខាន់ គឺការពារស្ថិរភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ 

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ពាក់ព័ន្ធការវាយតម្លៃសភាពការណ៍ប៉ុន្មានខែចុងក្រោយ ឆ្នាំ២០២២នេះ ជារួមមានស្ថានភាពល្អប្រសើរ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហាជាច្រើន រួមទាំងសង្គ្រាមនុយក្លេអ៊ែរ វិវាទតាមដែនកោះ ដែនសមុទ្រ និងបញ្ហាជំងឺឆ្លងជាដើម។ ប៉ុន្ដែកម្ពុជាមិនមានអ្វីជាបញ្ហានោះទេ ពោលស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដោយរក្សាបានព្រំដែនសន្ដិភាព ស្ថិរភាព សហប្រតិបត្តិការ ធានាបាននូវប្រក្រតីភាពសង្គម ការពារបាននូវគ្រប់កិច្ចការងារសំខាន់ៗ ពិសេសពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន។ បន្ថែមពីនេះ ក៏ទទួលបានជោគជ័យក្នុងការថែរក្សាសុវត្ថិភាព សន្ដិសុខ ក្នុងដំណើរការបោះឆ្នោតឃុំ-សង្កាត់ កន្លងមកនេះ។

ទោះជាយ៉ាងណា​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវគោលការណ៍៣សំខាន់ៗ សម្រាប់ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ ក្នុងនោះរួមមាន៖

ទី១៖អនុវត្តភារកិច្ចសំខាន់បំផុតត្រូវការពារឲ្យបាននូវសន្ដិភាព ធានាបាននូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សុវត្ថិភាពសាធារណៈ ការពារឲ្យបាននូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្ដបញ្ចៀសឲ្យបាននូវអំពើភេរវកម្មមិនឲ្យកើតមាននៅលើប្រទេសកម្ពុជា រួមទាំងឧបាយកល សកម្មភាពផ្សេងទៀត ដែលប៉ុនប៉ងធ្វើសកម្មភាពនៅកម្ពុជា គឺត្រូវការពារឲ្យបានដាច់ខាត។

ទី២៖បន្ដកាត់បន្ថយឲ្យបាននូវបទល្មើស ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសជំរុញការអនុវត្តផែនការយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវនិរន្ដភាព ស្ថិរភាពសង្គមរបស់យើង។

ទី៣៖ការបន្ដពង្រឹងឲ្យបានរឹងមាំ នូវការដោះស្រាយសណ្ដាប់ធ្នាប់ ចរាចរណ៍ទូទៅ ដោយត្រូវបន្ដពង្រឹងអនុវត្តច្បាប់ បន្ដធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ឲ្យបានកាន់តែល្អប្រសើរ កាត់បន្ថយគ្រោះថ្នាក់ ហានិភ័យ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា នាយនគរបាលជាន់ខ្ពស់ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងរួមមាន៖

ទី១៖លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី២៖លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី៣៖លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី៤៖លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី៥៖លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី៦៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ពីអគ្គាធិការរង នៃអគ្គធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌។

ទី៧៖លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ទី៨៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

ដោយ​៖សហការី​


ចែករំលែក៖