ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការ សាលាខណ្ឌច្បារអំពៅចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ នៅក្នុងវត្តកំសាន្ត

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបរិស្ថានស្អាត អនាម័យល្អ សណ្ដាប់ធ្នាប់ល្អនិងមានសោភ័ណ្ឌភាព  គណៈនាយក មន្ត្រីការិយាល័យក្រោមឱវាទ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា និងក្រុមយុវជន សង្កាត់ព្រែកប្រា ចុះសម្អាតធ្វើអនាម័យ  នៅបរិវេណទីធ្លាវត្តកំសាន្តស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

    កម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨៖០០នាទីព្រឹក ដឹកនាំដោយអភិបាលរងខណ្ឌ២រូប គឺលោក ហ៊ត គឹមនី និងលោក ម៉ុក ពុទ្ធា  តំណាង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោកស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ ។

    នៅក្នុងកម្មវិធីបរិស្ថានស្អាត អនាម័យល្អ ដែរលោកហ៊ត គឹមនី បានថ្លែងដូច្នេះថា ដើម្បីអបអរសាទរ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខណ្ឌច្បារអំពៅ រួមនិងពុទ្ធបរិស័ទ ព្រះសង្ឃ បានរួមគ្នា ធ្វើ បរិស្ថានអនាម័យនៅក្នុងទីធ្លាវត្តអារាមឲ្យមានសោភ័ណភាពល្អ ទទួលបាន នូវការ កោតសរសើរ ពីពុទ្ធបរិស័ទ ដែលមកពីទីជិតទីឆ្ងាយ ចូលរួមក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ក្នុងនាម គណៈអភិបាលខណ្ឌ មន្ត្រីរាជការទាំងអស់ សូមចូលរួម សម្អាត បរិស្ថានអនាម័យនៅគ្រប់វត្តទាំងអស់ មិនមែនធ្វើតែនៅក្នុងវត្តកំសាន្ត មួយនោះទេ ដូច្នេះកម្មវិធីនេះ នឹងរៀបចំ ធ្វើ បន្តទៀតនៅតាមវត្តអារាមទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ។ ហើយការងារនេះមិនមែនធ្វើតែ ម្នាក់ឯងបាននោះទេលុះត្រាតែមានការចូលរួមពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីខណ្ឌរហូតដល់ភូមិ និង មានកិច្ចសហការជាមួយគណៈកម្មការវត្ត ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ។ 

       លោកអភិបាលរងបានបន្តថា ក្រៅពីការសម្អាតបរិស្ថានអនាម័យ ទីធ្លាក្នុងវត្តលោកអភិបាលខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ណាស់ ក្នុងការរៀបចំបរិវេណក្នុងវត្តដូចជាចាក់បេតុង ក្នុងបរិវេណវត្ត បានធំទូលាយ ដាំកូនឈើ ថែមទៀតផង ។ មិនត្រឹមតែវត្តកម្សាន្តមួយប៉ុណ្ណោះទេលោកអភិបាលខណ្ឌបានយកចិត្តទុកដាក់ស្ទើរគ្រប់វត្តទាំងអស់រួមមាន វត្តព្រែកប្រា វត្តនិរោធ ជាដើម ថែមទាំង ដាំកូនឈើជាច្រើនដើម នៅតាមផ្លូវជាតិលេខ១ ចំណុចមុខវត្តនិរោធនិងក្នុងវត្តនិរោធ  ។ សមិទ្ធផល ជាច្រើនទៀតបានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកអភិបាលខណ្ឌចូលមកកាន់ តំណែងនៅទីនេះ ។ ទន្ទឹមនិងនេះសូមសំណូមពរដល់មន្ត្រីរាជការទូទាំងខណ្ឌ អាជ្ញាធរសង្កាត់ ភូមិ និងកម្លាំងយុវជន  ខាងក្រុមហ៊ុនស៉ិនទ្រី  រួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត  ចូលរួមគ្នាសំអាតធ្វើអនាម័យបរិស្ថាន ដើម្បីអោយមូលដ្ឋានយើងស្អាត  រស់នៅស្អាត បរិស្ថាល្អ  គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕

ដោយ៖ សណ្តោស


ចែករំលែក៖