ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន ចាន់ដា ៖ ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអមិត្ត

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍បូកសរុប ការងារគណបក្ស និងក្រុមការងារចុះជួយខេត្ត កំពង់ចាម ប្រចាំខែសីហា និងទិសដៅភារកិច្ចបន្ត។

 កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត លោកលោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្ត។

បន្ទាប់ពីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក អ៊ុន ចាន់ដា  ប្រធានគណបក្សខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖  គណៈកម្មាធិការ គណបក្សប្រជាកម្ពុជា ខេត្តកំពង់ចាម ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអមិត្ត។ លើកកម្ពស់ការអនុវត្តពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ រក្សាសមិទ្ធផលសង្គមជាតិឲ្យបានគត់មត់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ 

ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន រក្សាឲ្យបាននូវសំឡេងគាំទ្រគណបក្សយើងក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងឈានទៅកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅពង្រីកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖