ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមង្គលបុរីចំនួន៧០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ បានចូលរួមសហការជាមួយ ក្រុមការងារស្រុកដឹកនាំដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន០១ហិកតា ស្ថិតនៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ទន្ទឹមនឹងកិច្ចការងារស្នូល ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកតែងតែជំរុញឱ្យកងកម្លាំងនគរបាល នៃអធិការដ្ឋានក្រុងស្រុកទាំង៩ និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវចុះធ្វើកិច្ចការងារសង្គម ជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ ដូចជាគ្រោះធម្មជាតិទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម ។
លោកអធិការបានបញ្ជាក់ថា៖ ជាក់ស្តែងដូចជាថ្ងៃនេះប្រជាពលរដ្ឋ០១គ្រួសារឈ្មោះ ស៊ឹម ផុន ស្ថិតនៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី គាត់មានស្រូវចំនួន១ហិតា រងគ្រោះដោយទឹកជំនន់ជន់លិច ដោយសារជំនន់ទឹកភ្លៀង ដែលម៉ាស៊ីនមិនអាចច្រូតកាត់បាន ហើយគាត់ខ្វះខាតកម្លាំងពលកម្មដើម្បីដណ្តើមផលស្រូវពីទឹកជំនន់នេះ លោកក៏បានដឹកនាំកម្លាំងនគរបាលស្រុកចំនួន៧០នាក់ចូលរួមសហការជាមួយក្រុមការងារស្រុកដឹកនាំដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានចុះជួយច្រូតកាត់ប្រមូលផលស្រូវពីទឹកជំនន់ បាន០១ហិកតាជូនគាត់ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋឈ្មោះ ស៊ឹម ផុន ជាម្ចាស់ស្រែបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងនគរបាលស្រុកមង្គលបុរីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចុះជួយច្រូតកាត់ប្រមូលផលស្រូវពីទឹកជំនន់នេះ ដែលគ្រួសាររបស់គាត់កំពុងខ្វះខាតកម្លាំងពលកម្ម។ សកម្មភាពទាំងនេះ អាជ្ញាធរស្រុក និងនគរបាល តែងតែជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកជានិច្ច៕
ដោយ ៖ វណ្ណា