ភ្នំពេញ៖ គ្រប់សេវាស្នាក់នៅនិងអាជីវកម្មអាហារដ្ឋាន ដែលបាននិងកំពុងបានបើកឡើងវិញ ក្នុងអំឡុងពេលនេះ គឺបានទាក់ទាញបុគ្គលិកកម្មករនិយោជិកចូលបំរើការងារបានប្រមាណជាង ៧០%។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ ។
របាយការណ៍ដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ កម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ បានទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់ ១លាននាក់ និងមានអាជីវកម្មសេវាកម្មស្នាក់នៅចំនួន ៥២០ទីតាំងកំពុងបើកដំណើរការ, និងមានអាជីវកម្មសេវាស្នាក់នៅជាង ២២០ទីតាំងទៀតបន្តផ្អាក។
ដោយឡែកភោជនីយដ្ឋានវិញគឺមានជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក ហើយសម្រាប់អាជីវកម្មសេវាស្នាក់នៅ និងភោជនីយដ្ឋានដែលបើកនោះគឺ បើកមិនទាន់បានពេញលេញនៅឡើយទេ ពោលភាគច្រើនបើកតែត្រឹម៥០% នៃទំហំទីតាំងអាជីវកម្មសរុប និងបានជ្រើសរើសបុគ្គលិកចូលបំរើការវិញ មានប្រមាណ៧០%។
បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ ឡង លីវ និងសណ្ឋាគារEmion នៅរាជធានីភ្នំពេញ ក៏បានឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ក្នុងអាជីវកម្មទេសចរណ៍របស់លោក បច្ចុប្បន្នផ្នែកសណ្ឋាគារបានបើកដំណើរការវិញមិនទាន់បានពេញលេញទេ ខណៈផ្នែកអាហារដ្ឋានក្នុងសណ្ឋាគារគឺមិនទាន់បានបើកដំណើរការវិញទេ ហើយអាជីវកម្មទេសចរណ៍ក៏កំពុងជួបប្រឈមការលំបាករើសបុគ្គលិកចូលមកបំរើការវិញផងដែរ។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្រាប់ការបើកដំណើរការអាជីវកម្មទេសចរណ៍នេះវិញ ក៏បានវាយតម្លៃជារួមថា បុគ្គលិកបំរើការងារក្នុងវិស័យទេសចរណ៍នៅក្នុងអំឡុងពេលនេះមួយចំនួនធំៗគេមិនទាន់ចូលបំរើការងារវិញដោយសារគេរងចាំចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានចំនួនច្រើនដូចដើមវិញ ហើយខ្លះទៀត គេក៏បានផ្លាស់ប្តូរជំនាញទៅបំរើការងារផ្សេងក្រៅពីវិស័យទេសចរណ៍។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ-១៩ បានផ្ទុះឡេីងនៅទូទាំងប្រទេសមានបុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍បំរើការតាមអាជីវកម្មនានាមានប្រមាណជាង៦៥ម៉ឺននាក់ ខណៈបច្ចុប្បន្នក្រសួងទេសចរណ៍បានបណ្តុះបណ្តាលជំនាញថ្មីក្នុងវិស័យទេសចរណ៍បានប្រមាណជិត៥៧០០០នាក់៕
ដោយ៖សហការី