តម្លៃថាមពលនិងប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃបានកើនឡើងខ្ពស់ កំពុងបង្កឱ្យមានវិបត្តិក្នុងសង្គមអឺរ៉ុបទាំងមូល ពិសេសគឺនៅរដូវរងាខាងមុខ។ ការខកចិត្តរបស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រដ្ឋាភិបាលក៏បានកើនឡើងក្នុងប្រទេសជាច្រើន បង្ខំឱ្យពលរដ្ឋដង្ហែក្បួនបាតុកម្មនៅតាមទីក្រុងធំៗក្នុងតំបន់អឺរ៉ុប។
តាមរបាយការណ៍ថ្មីបំផុតដែលបានប្រកាសនៅដើមខែកញ្ញារបស់ក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រសកលបង្ហាញឱ្យឃើញថា អង់គ្លេស ប្រឈមវិបត្តិសង្គមជាង៥០% ក្នុងចំណោមជិត២០០ប្រទេសដែលបានវាយតម្លៃពីវិបត្តិក្នុងសង្គម។
កាលពីចុងសប្តាហ៍កន្លងមក មានពលរដ្ឋប្រមាណ៧ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុង ប្រាហា(Praha) នៃប្រទេសសាធារណរដ្ឋឆេក ប្រឆាំងនឹងវិបត្តិកង្វះថាមពល និងតម្លៃអគ្គិសនី ហ្គាសកើនឡើងខ្ពស់។ នេះជាការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសនេះ។
កន្លងមក នៅក្នុងប្រទេសអង់គ្លេសក៏មានបាតុកម្មកើតឡើងដែរ ដែលមានឈ្មោះថា Don’t Pay UK ដោយក្រុមបាតុករ ប្រកាសថា មិនទូទាត់តម្លៃថាមពល នោះឡើយប្រសិនបើរដ្ឋាភិបាល មិនមានវិធានការផ្លាស់ប្តូរសមស្របណាមួយនោះទេ។
ក្នុងពេលជាមួយគ្នានេះដែរ អឺរ៉ុបកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុត ក្នុងពេលដែលរុស្ស៊ីប្រកាសបិទការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងតាមបំពង់បង្ហូរ Nord Stream1 ដោយមិនមានពេលកំណត់ ។ ទាំងនោះអាចជាការសងសឹកដល់ប្រទេស G7 ដែលបានកំណត់តម្លៃថាមពលនៅក្នុងប្រទេសរុស្ស៊ី ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters