ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Raptor បុកម៉ូតូ Suzuki Nex អូសជាច្រើនម៉ែត្របណ្ដាលឱ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងបានបុកម៉ូតូម៉ាកSuzuki Nex មួយគ្រឿងបណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ត្រង់ចំណុចភ្លើងស្តុបមេភ្លើង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានអាយុប្រហែល២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GT-3701 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BP -9157 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូអូសជាប់ក្រោមរថយន្តទាំងម៉ូតូនិងម្ចាស់ជាច្រើនម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកតៃកុងរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ទុកប្រគល់ឱ្យមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយកមធ្យោបាយរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់។      ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចជំនាញមូលដ្ឋានធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖