ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ជ្រុលទៅបុកជាមួយរថយន្ត Prius ដែលបើកបរបញ្ច្រាសទិសដៅគ្នាបញ្ឆិតពីចំហៀងខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សែនសុខ តាមបណ្ដោយផ្លូវលេខ៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ06-2-1131 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តPrius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-9533 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំបញ្ឆិតរថយន្តផ្នែកខាងមុខខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Priusដាច់កាឡេកង់មុខខាងឆ្វេង ចំណែករថយន្តALPHARD ខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដែរ។ តែភ្លាមៗនោះរថយន្ត ALPHARD មិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេបានបើកទៅមុខប្រមាណជិត៤០ម៉ែត្រទៀតទើបឈប់អែបតាមចិញ្ចើមផ្លូវមុខបុរីមួយកន្លែងតែបន្តិចក្រោយមកស្រាប់តែរថយន្តALPHARD បានបើកមកឈប់កណ្ដាលផ្លូវវិញ។ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាហើយក៏បានព្រមព្រៀងគ្នាយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ