ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច ៖​ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ៤ពាន់លានដុល្លារ ស្មើនឹង៧០%នៃច្បាប់ថវិកាជាតិ​ រយៈពេល​៨ខែឆ្នាំនេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា​ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ!  ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។

ជាក់ស្ដែង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២​ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ ក្រោមអធិបតរីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។

ក្រសួងសេដ្ឋកិច្ច​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។ ដោយឡែក, ចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់»។

ក្រសួងសេដ្ឋកិច្ច​ បានបញ្ជាក់បន្ថែមថា​ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជាមួយគ្នានេះ, ចំពោះសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ។

ការរៀបចំច្បាប់សំខាន់ៗ ដូចជា «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ថ្មី)» ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែល «សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្ត៕

ដោយ​៖សហការី​


ចែករំលែក៖