ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ ៖ ADB កំពុងរៀបចំ គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដើម្បីជួយឧស្សាហកម្មនៅកម្ពុជា មានភាពប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ ADB បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មី ឈ្មោះថា  “គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy)” មានគោលបំណងចម្បងគឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង ជារួម គម្រោងទាំងនេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។

នេះជាការបញ្ជាក់ របស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកមិញនេះ​ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួងការងារ។  

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង  បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះបេសកម្ម និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក របស់លោកស្រី Jyotsana Varma ជាមួយរាជរដ្ឋាភិបាលកម្ពូជា។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា តាំងពីកម្ពុជាមានសន្តិភាពពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ ក្នងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា។ 

ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET  តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី​ Jyotsana Varma មានប្រសាសន៍ថា នៅក្នុងដំណាក់កាលកូវីដ-១៩ ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឲ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគតរបស់ពួកគេឲ្យភ្លឺស្វាង។ យុវជនកម្ពូជាចាំបាច់ត្រូវមានការអភិវឌ្ឍចំណេះដឹងរបស់ខ្លួនដើម្បីដើរឲ្យទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស។ 

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះពលកម្មជំនាញរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារ។ យុវជន និងសហគមន៍មិនទាន់បានផ្តល់តម្លៃទៅលើជំនាញTVETនេះឲ្យបានច្រើននៅឡើយភាគច្រើនអ្នកដែលបានចូលរៀនជំនាញTVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត។ ដើម្បីធ្វើកិច្ចការទាំងនេះឲ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជា ត្រូវការចូលរួមពីADB ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការជួយលើកិច្ចការទាំងនេះបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានស្នើដល់ភាគីADB បន្តជួយជាជំនួយបច្ចេកទេសផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនេះ។

ពាក់ព័ន្ធនឹងក្តីកង្វល់របស់លោករដ្ឋមន្ត្រី ទៅលើកង្វះខាតកម្លាំងពលកម្មជំនាញ លោកជំទាវ បានបញ្ជាក់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួន ឲ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឲ្យមានការចុះឈ្មោះចូលរៀនជំនាញTVET លោកស្រី​ ចង់ឲ្យកម្ពុជា បង្កើតជាទូតសុឆន្ទៈគម្រូឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀនជំនាញTVETនេះ ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ។ 

ចំពោះសំណើរ របស់លោករដ្ឋមន្ត្រី ដើម្បីឲ្យ ADB ជួយជាជំនួយបច្ចេកទេស និងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ លោកជំទាវរីករាយ និងយកសំណើទាំងនេះទៅជជែកពិភាក្សាជាមួយសហការីរបស់លោកជំទាវបន្ថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖