ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សារាជធានី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបក្រុម ក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំ បិណ្ឌនៅតាមវត្តអារ៉ាមនានានៅក្នុងរាជធានីភ្នំពេញ ។ 

    ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ២០២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

   លោកម៉ប់ សារិន ក្នុងនោះបានមានប្រសាសន៍ កោតសរសើរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេស បទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ ។ ទន្ទឹមនឹងនេះការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៨០ករណី ក្នុងនោះការជួញដូរ គ្រឿងញៀនបាន៥៣ករណី។ បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុក ដាក់រៀបចំសណ្តាប់ធ្នាប់ អ្នក លក់ដូរចល័តតាមដងផ្លូវសាធារណៈ និងអ្នកលក់ដូរនៅនឹងកន្លែង ដោយបានធ្វើការអប់រំណែនាំឱ្យមានសណ្ដាប់ធ្នាប់ល្អថែមទៀតផងដែរ។ ជាមួយ និងស្នាដៃខាងលើ លោកម៉ប់ សារិនបានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើងអោយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារ៉ាមនាពេលខាងមុខ។

  ពាក់ព័ន្ធនឹងការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍បញ្ជាក់ថា៖ ជុំវីញបញ្ហានេះ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយនៅថ្ងៃទី១៥ កញ្ញាខាងមុខនេះ លោកអភិបាលរាជធានីភ្នំពេញនឹងបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញមួយដើម្បីដាក់ចេញជាវិធានការម៉ឹងម៉ាត់មួយចំនួនក្នុងពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ  ក្នុងនោះមានទាំង ការដាក់ចេញជាវិធានការធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាពការ រៀបចំ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាអោយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ដំណើរទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពល្អ បង្កភាពកក់ក្តៅនិងជឿួទុកចិត្តពីប្រជាពលរដ្ឋ ៕

ដោយ ៖ សំរិត


ចែករំលែក៖