ព័ត៌មានទាន់ហេតុការណ៍៖

Napoli បំបាក់ Liverpool នៅ Champions League

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool ត្រូវបានក្រុមខ្លាំងមកពីអ៊ីតាលី Napoli យកឈ្នះក្នុងការប្រកួត Champions League ពូល A លើកដំបូងរបស់ពួកគេក្នុងលទ្ធផល៤ទល់១ កាលពីរាត្រីថ្ងៃទី៧ កញ្ញាដើម្បីឲ្យក្រុមនៅប្រទេសអ៊ីតាលីមួយនេះឡើងឈរលេខ១ក្នុងពូល។

ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្នុងលទ្ធផល ៣-០ នៅតង់ទី១ និងអាចនឹងមានគ្រាប់បាល់ច្រើនទៀត ប៉ុន្តែត្រូវអ្នកចាំទី Alisson បានសង្គ្រោះបាល់ប៉េណាល់ទី និងខ្សែការពារ Virgil van Dijk បានធ្វើការរារាំងការស៊ុតរបស់កីឡាករ Napoli។

ក្នុងការប្រកួតតង់ទី១កីឡាករ Piotr Zielinski បានជួយឲ្យ Napoli នាំមុខមុននៅនាទីទី៥ បន្ទាប់ពីកីឡាករ Liverpool បានបង្កកំហុសទទួលបានប៉ាល់ប៉េណាល់ទី។កីឡាករ Andre-Frank Anguissa និង Giovanni Simeone បានបន្តការនាំមុខឲ្យ Napoli នៅនាទីទី៣១ និងនាទីទី៤៤។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Napoli បានបន្តវាយសម្រុកទៅលើក្រុមភ្ញៀវ ដោយរកបានគ្រាប់បន្ថែមទៀតដែលជាគ្រាប់ទី៤ រកបានដោយកីឡាករ Zielinski នៅនាទីទី៤៧។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យក្រុម Liverpool បាត់បង់ទម្រង់នៃការលេង។

ក្នុងតង់ទី២ ក្រុមហង្សក្រហមមានឱកាសដោយ Van Dijk បានព្យាយាមតែតបាល់បញ្ចូលទី ហើយកីឡាករ Mohamed Salah បានវាយបកទៅលើអ្នកចាំទី ប៉ុន្តែនៅតែមិនអាចកែប្រែលទ្ធផលបាន។ ក្តីសង្ឃឹមនៃការប្រកួតនៅតង់ទី២នេះត្រូវបានបញ្ចប់ ទោះបីជា Luis Diaz បានស្វែងរកគ្រាប់បាល់១គ្រាប់ដើម្បីលួងអ្នកគាំទ្រ Liverpool ក៏ដោយក៏មិនអាចយកឈ្នះក្រុមម្ចាស់ផ្ទះនៅពេលនោះបានដែរ។

ក្នុងការប្រកួតនោះគេឃើញកីឡាករ Arthur Melo បានបង្ហាញខ្លួនជាលើកដំបូងនៅចុងតង់ទី២ ហើយខ្សែបម្រើ Thiago បានត្រឡប់មកពីរបួសវិញដើម្បីបង្ហាញខ្លួន ប៉ុន្តែ Liverpool នៅតែមិនអាចទទួលលទ្ធផលល្អ។ ក្រុមលោក Klopp ធម្មតា​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹងធ្វើបានល្អ ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ Liverpool ហាក់​ដូច​ជា​ហត់នឿយ ការ​លើក​ទឹកចិត្ត និង​ធ្លាក់​ទម្រង់​លេង​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែកក្រុមមកពីអង់គ្លេសមួយទៀតទទួលបានលទ្ធផលល្អវិញ ដោយក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវមកពីបារាំង Marseille ក្នុងលទ្ធផល២ទល់០។ រីឯលទ្ធផលផ្សេងទៀតគឺ Ajax ឈ្នះ Rangers ៤ទល់០, Sporting យកឈ្នះ Eintracht Frankfurtលទ្ធផល៣ទល់០, Atletico Madrid យកឈ្នះ Porto លទ្ធផល២ទល់១, Club Brugge យកឈ្នះ Bayern Leverkusen លទ្ធផល១ទល់០, Barcelona បំបាក់ក្រុម Viktoria Plzen លទ្ធផល៥ទល់១ និង Bayern Munich យកឈ្នះក្រុម Inter Milan ២ទល់០ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖