ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្រ្កាប ទប់ទស្កាត់បទល្មើសផ្សេងៗ ព្រមទាំងការដោះស្រាយនូវបញ្ហា សំណូមពរ ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ការថ្លែងយ៉ាងដូច្នេះលោក អភិបាលខេត្តលើកឡើង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្ត។
លោក អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា នៅពេលខាងមុខនេះ ដល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងត្រូវឈានមកដល់ ដូច្នេះសូមអាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខនៅគ្រប់ទីវត្តអារាម ក៏ដូចជានៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត ឱ្យបានល្អប្រសើរ។ ក្នុងគោលបំណងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ចៀសវាងមានការកកស្ទះ ជាដើម។
ជាចុងក្រោយលោក ងួន រតនៈ អភិបាលខេត្តក៏បានសំណូមពរដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ចូលរួមសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីកុំឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងក្រុមគ្រួសារ។ សូមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងទាំងអស់ មានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ព្រោះទឹកភ្លៀងកំពុងតែភ្លៀងជារៀងរាល់ថ្ងៃ ត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ៕
ដោយ៖ កែវ មន្នី