ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញបញ្ជាក់ថា អាជីវកម្មជីករករ៉ែត្បូង នៅតំបន់វាលដំណាក់ក្រសាំង គឺជាប្រភេទថ្មកែវ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២, លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យលើសកម្មភាពអាជីវកម្មជីករករ៉ែត្បូងរបស់ប្រជាពលរដ្ឋនៅតំបន់វាល ដំណាក់ក្រសាំង។ ក្នុងប្រតិបត្តិការនេះលោកប្រធានមន្ទីរ បានឲ្យដឹងថា សកម្មភាពល្បីតៗគ្នា នៃការប្រទះឃើញរ៉ែត្បូងនៅតំបន់វាលដំណាក់ក្រសាំង ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ពិតជាមានករណីនេះមែន, ប៉ុន្តែរ៉ែត្បូងនេះមិនមែនជាប្រភេទត្បូងមានតម្លៃនៅលើទីផ្សារនោះទេ គឺជាប្រភេទ ថ្មកែវដែលមានព័ត៌ដូចផ្កាត្របែកព្រៃ មានតម្លៃចន្លោះពី៤ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ទៅតាមពណ៌ស្រស់ឬស្រអាប់។ 

   លោកបន្តថា ថ្មែកែវនេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញអណ្តែត នៅលើដី ក្រោយភ្លៀងធ្លាក់នៅពេលគាត់ធ្វើដំណើរ ហើយបានហៅបងប្អូន និងអ្នកផ្សេងទៀតទៅជីកកកាយ ដោយប្រើប្រាស់ចបជីក ចបកាប់ និងប៉ែលជាដើម។ ដំណឹងនេះត្រូវ ចែករំលែកតៗគ្នា ធ្វើឲ្យមនុស្ស កាន់តែមកច្រើនឡើងៗ អស់រយៈ៣ ឬ៤ថ្ងៃកន្លងមក។ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២, ប្រជាពលរដ្ឋនាំគ្នាវិលត្រឡប់ ទៅផ្ទះវិញស្ទើរតែអស់ទៅហើយ ពីព្រោះថ្មកែវដែលជីករកបាន មានតម្លៃទាប និងមិនសំបូរ និងមិនមានអ្នកទិញបន្តទៀតឡើយ។ 

      គួរបញ្ជាក់ថា តំបន់វាលដំណាក់ក្រសាំង ស្ថិតចម្ងាយជាង១០ គីឡូម៉ែត្រ ពីភ្នំជី បច្ចុប្បន្នមានក្រុមហ៊ុនចិន កំពុងរុករកជីកកកាយធ្វើអាជីវកម្មរ៉ែមាស និងត្រូវបានយាមកាមដោយសមត្ថកិច្ចជាច្រើនផ្នែក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៅតំបន់ភ្នំនោះទេ ៕

ដោយ៖កែវ មន្នី


ចែករំលែក៖