តាំងពីបុរាណកាលយូរមកហើយ មនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗដែលខ្លួនពុំអាចជម្នះបាន។បាតុភូតធម្មជាតិនេះធ្វើឲ្យមនុស្សមានការភ័យខ្លាច ចំពោះសន្តិសុខ ផ្ទាល់ខ្លួនសង្ស័យយ៉ាងនេះយ៉ាងនោះមិនចេះចប់។ ពួកគេទាំងអស់តែងមានការសង្ស័យ អំពីកម្លាំងក្រៅខ្លួនយ៉ាងខ្លាំងក្លា ដែលអាចធ្វើឲ្យមនុស្សមានសេចក្តីសុខ ព្រមទាំងអាចធ្វើឲ្យមនុស្សមានមហន្តរាយថែមទៀតផង។ ពួកគេចាប់ផ្តើមមានជំនឿទៅលើកម្លាំងទាំងនោះរួចហើយកំណត់ឈ្មោះ និងបង្កើតជារូបរាងផ្សេងៗទៅតាមសមត្ថភាពរបស់ពួកគេ។ កម្លាំងក្រៅខ្លួនទាំងនោះបានក្លាយទៅជាទៅរំពឹង និងរលឹក។ ដើម្បីបានសេចក្តីសុខសប្បាយ ពួកគេតែងធ្វើអំពើល្អ និងធ្វើពិធីបូជាបន់ស្រន់អង្វរករផ្លូវងងឹត តាមរបៀបផ្សេងៗគ្នា។ ខ្មែរយើងមានជំនឿច្រើនរបៀបណាស់ ក៏ប៉ុន្តែយើងអាចបែងចែកជំនឿទាំងនេះជា២ធំៗបានគឺ៖ ជំនឿអរូប និងជំនឿដើម្បីសីលធម៌ក្នុងសង្គមខ្មែរ។ យើងសូមលើកយកជំនឿអរូបិយយកមកធ្វើការបរិយាយតាមសេចក្តីអត្ថាធិប្បាយដូចតទៅ៖
ជំនឿកើតមានឡើងនៅពេលមនុស្សចាប់ផ្តើមអស់ទំនុកចិត្ត និងគ្មានភាពជឿជាក់លើខ្លួនឯងជាបន្តបន្ទាប់ រហូតដល់ទាមទារកម្លាំងក្រៅខ្លួនមកជួយសង្រ្គោះ។ ជំនឿអាចកើតចេញពីភាពភ័យខ្លាច រអាទៅលើអ្វីមួយ។ ជំនឿក៏អាចកើតចេញពីមនុស្សម្នាក់ ឬមនុស្សមួយក្រុមដែលមានប្រាជ្ងាខ្ពស់ជាងគេ ឬជាអ្នកខ្លាំងពូកែក្នុងប្រវត្ដិសាស្រ្តដូចជាស្តេចត្រាញ់ជាដើម ក្នុងគោលបំណងចង់ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ ដើរទៅរកផ្លូវត្រូវ ឬស្របទៅតាមគន្លងដែលគេចង់បាន។ សម្រាប់ប្រទេសកម្ពុជាយើងវិញ ខ្មែរមានជំនឿរបស់ខ្លួនជាច្រើនប្រភេទតាំងពីបុរាណកាលរៀងមក ដោយអ្នកខ្លះជឿទៅលើសត្វ ខ្លះទៀតជឿទៅលើអទិទេព និងទេវតា ឯអ្នកខ្លះទៀតជំនឿទៅលើរុក្ខជាតិនានានៅតាមតំបន់ព្រៃភ្នំជាដើម។ ក្រៅពីជំនឿអរូបទាំងនេះ ខ្មែរក៏មានជំនឿមួយចំនួនកក្នុងន័យធ្វើឲ្យសង្គមល្អប្រសើរផងដែរ ដូចជាជំនឿងបែបប្រពៃណីនៅពេលរៀបការ ពេលមនុស្សកើត ពេលស្លាប់ ចូលឆ្នាំ បុណ្យផ្សេងៗ។ល។
មិនថាតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននោះទេ ជំនឿអរូបរបស់ខ្មែរត្រូវបានបែងចែកចេញជា១៤ផ្សេងគ្នា៖
១. ជំនឿលើព្រលឹងឳពុកម្តាយ÷
ម្តាយឳពុកមានគុណបំណាច់ធំធេងណាស់ចំពោះកូន ខ្មែរយើងបានយកលោកទាំង២ធ្វើជាព្រះរស់ខ្លួន។ នៅពេលដែលលោកទាំងពីរបានមរណកាលទៅ អ្នកដែលជាកូនតែងស្វែងរកធ្មេញរបស់លោកយកមកស្រោបមាស ឬឆ្លាក់ជរព្រះពាក់ជាប់នឹងខ្លួន ក្នុងជំនឿជឿថា ព្រលឹងលោកទាំងពីរនឹងតាមថែរក្សាខ្លួនគេតរៀងទៅ។ នៅរាល់ថ្ងៃសីលកូនៗតែងដុតធូបរៀបថ្វាយផ្លែឈើ និងផ្កាជូនចំពោះមាតាបិតារបស់ខ្លួនដែរបានចែកឋានទៅ។ ជារៀងរាល់ឆ្នាំកូនចៅតែងនាំគ្នាសែនព្រេន និងបង្សុកូលនៅវត្ត ឬចេតិយឳពុកម្តាយខ្លួន ដើម្បីជាការរំលឹកគុណចំពោះលោក។
ដោយឡែកជំនឿ ដឹងគុណគ្រូបង្រៀនមន្តអាគម គ្រូបង្រៀនរបាំ តន្រ្តី គុនប្រដាល់ជាដើម គេជឿថាក្រោយពេលស្លាប់ទៅព្រលឹងលោក តែងតែនៅថែរក្សាសិស្សគណតទៅទៀត។ បើគ្រូទាយថាអ្នកជំងឺត្រូវខ្មោចគ្រូបាធ្យាយ ពិសេសគ្រូរំដោះប្រកាន់ធ្វើឲ្យឈឺ គេត្រូវលៀងគ្រូ ឬលៀងឯដី ឬលៀងចំណី ដើម្បីឲ្យលោក ផ្លុំដកពិសពរចេញពីអ្នកជំងឺ ឲ្យឈប់ខឹងសំបានឹងកូនចៅ ដែលបានប្រព្រឹត្តិខុសឆ្គងប៉ះពាល់ដល់ព្រលឹងដូនតាដោយមានរៀបចំសែនព្រេនកំដរដោយភ្លេងអារក្សនៅខាងលើផ្ទះ។
២. ព្រលឹងមេបា
ខ្មែរមានជំនឿថា នៅពេលដែលដូនតាជំនាន់ក្រោយបានស្លាប់បាត់បង់ជីវិតទៅ នៅមានព្រលឹងវិលវល់តាមថែរក្សាកូនចៅជំនាន់ក្រោយឲ្យដើរតាមគន្លងធម៌ស្របទៅតាមសីលធម៌សង្គម។ ប្រសិនបើកូនចៅជំនាន់ណាដែលប្រព្រឹត្តខុសពីសីលធម៌របស់មេបានោះ ខ្មែរមានជំនឿថា ព្រលឹងមេបានឹងខឹងសម្បារតាមមកកាច់ដាក់ទារុណកម្មឲ្យឈឺដល់សមាជិកគ្រួសារណាមួយ ដើម្បីឲ្យតាមស្រាវជ្រាវរកអ្នកដែលបានប្រព្រឹត្តកំហុស។
កំហុសចំពោះមេបាត្រូវបានគេបែងចែកចេញជា៣បែប៖
* ខុសមេបាចាស់ទុំ៖ ដោយសារកូនចៅទាស់ទែងគ្នារហូតឈប់និយាយរកគ្នា។ បើសិនជាមេបាប្រកាន់ មេបានឹងតាមកាច់ឲ្យអ្នកណាម្នាក់ឈឺ រហូតដល់មានការសែនព្រេន អង្វរករថាឈប់ប្រព្រឹត្តទៀតទើបមេបាព្រមលើកលែងឲ្យអ្នកជំងឺនោះជាវិញ។
* ខុសមេបាក្រមុំកំលោះ៖ ដោយសារក្រមុំបំពានលើសីលធម៌ទៅលួចរួមសង្វាសជាមួយកម្លោះណាម្នាក់ដោយមិនឲ្យម្តាយឳពុកដឹងឮ។ បើសិនជាមានរឿងនេះមេបាខ្លះគេប្រកាន់ គេនឹងទៅតាមកាច់សមាជិកគ្រួសារណាម្នាក់ឲ្យឈឺ រហូតតាមរកស្រ្តីប្រព្រឹត្តកំហុសនោះឃើញតាមរយៈបូលពងមាន់។ រកឃើញហើយត្រូវយកស្ត្រីនោះទៅសែនព្រេនក្នុងផ្ទះអ្នកជំងឺដើម្បីសុំខមាលទោស ទើបមេបាព្រមលើកលែងឲ្យអ្នកជំងឺនោះជាសះស្បើយវិញ។
* ខុសមេបាផ្កាប់មុខ៖ គឺកើតឡើងដោយសារប្រពន្ធផិតប្តីទៅមានសហាយ។ ដើម្បីវែករកអ្នកប្រព្រឹត្តគឺគេវែកមុខតែក្នុងចំណោមនារីណាដែលមានប្តីហើយតែប៉ុណ្ណោះ៕ (នៅមានត)
ស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត