ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកមុខកំពូល ឃាត់ខ្លួន ក្រុមយុវជនជាក្មេងទំនើង៤នាក់ប្រើហិង្សាបណ្តាលឲ្យស្លាប់ម្នាក់ 

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកមុខកំពូល បានស្រាវ ជ្រាវចាប់បានជនសង្ស័យ ក្រុមក្មេងទំនើងចំនួន០៤នាក់ ជាសិស្សសាលា ០៣នាក់ និងម្នាក់ជាកម្មករសំណង់ដែលបានកាប់សម្លាប់គូរបដិបក្ខ ជាសិស្សសាលាដូចគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរត់ខ្លួន។

ករណីកាប់គ្នានេះកើតឡើងកាលពីវេលាម៉ោង ២៣:២០ នាទីអាធ្រាត ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងត្រូវសមត្ថកិច្ច តាមស្រាវជ្រាវរហូតឃាត់ខ្លួន ក្រុមជនសង្ស័យបានទាំង ០៤នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ។

លោក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបាន អោយដឹងថា ជនរងគ្រោះមានចំនួន០២នាក់,‎១- ឈ្មោះ ធឿន សុខឈាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(សិស្ស) ‎មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល(ស្លាប់)និង២- ឈ្មោះ សៀន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស‎មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (មិនមានរងរបួសទេ )។

បក្ខពួកជនសង្ស័យមានចំនួន០៤នាក់ រួមមាន :

១/- ឈ្មោះ ផល សុភានិត អាយុ ១៩ឆ្នាំ មុខរបរ កម្មករ (ជនដៃដល់)

២/- ឈ្មោះ វុទ្ធី សៀងហៃ អាយុ ១៨ឆ្នាំ មានមុខរបរសិស្ស

៣/- ឈ្មោះ វី ដេវីត អាយុ១៨ឆ្នាំ មានមុខរបរសិស្ស

៤/- ឈ្មោះ សុផល សុផាណា អាយុ១៦ឆ្នាំ មានមុខរបរសិស្ស ។

លោកអធិការបានបន្តទៀតថា កន្លងមកជនសង្ស័យ ឈ្មោះ ផល សុភានិត ធ្លាប់មានទំនាស់ជាមួយក្រុមជនរងគ្រោះដែលមានរហស្សនាម ( DK ) ធ្លាប់ប៉ុនប៉ងដេញកាប់ចំនួន០២លើក ទៅលើជនសង្ស័យ នៅអំឡុងខែមេសា និង ខែឧសភា ឆ្នាំ២០២៦ ទើបបណ្តាលឱ្យជនសង្ស័យ ឈ្មោះ ផល សុភានិត មានគំនុំគុំគួនទៅ លើក្រុមជនរងគ្រោះ (DK ) វិញ ។

មុនកើតហេតុ ក្រុមជនសង្ស័យទាំង០៤នាក់ បានជួបជុំផឹកស៊ីរួច ហើយជនសង្ស័យ ឈ្មោះ ផល សុភានិត បានលាក់កាំបិតខ្វែវ នៅក្នុងអាវ និងប្រើប្រាស់ម៉ូតូ០២គ្រឿង ជិះឌុបគ្នាចេញទៅរកកាប់ជនរងគ្រោះ(ក្រុម DK ) ទាំង យប់។ ស្របពេលនោះជនរងគ្រោះទាំង០២នាក់ បានចេញពីកន្លែងធ្វើការ (រត់តុការ) កំពុងចាក់សាំងម៉ូតូនៅ ការ៉ាស់សាំងមួយកន្លែងជិតទីតាំងកើតហេតុ ស្រាប់តែ ជនសង្ស័យ ឈ្មោះ ផល សុភានិត បានប្រាប់គ្នីគ្នាថា ពួកអាហ្នឹងហើយជាក្រុមDK ។

ក្រោយចាក់សាំងរួច ជនរងគ្រោះ ក៏ត្រូវក្រុមជនសង្ស័យប្រដេញតាម ដល់ចំណុចកើតហេតុ។ ក្រុមជនសង្ស័យក៏បានគៀរម៉ូតូជនរងគ្រោះ ដោយជនសង្ស័យ ឈ្មោះ ផល សុភានិត ក៏បានទាញ កាំបិតខ្វែវ កាប់ដៃពីរទៅលើជនរងគ្រោះ ឈ្មោះ ធឿន សុខឈាង ដែលជិះពីក្រោយ បណ្តាលឲ្យ ត្រូវចំក្រោមគុម្ពត្រជៀកខាងឆ្វេង រហែកសាច់ហូរឈាម។ បន្ទាប់មក ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះក៏ត្រូវបានជនរងគ្រោះម្នាក់ទៀត សៀន សុខហេង ឌុបតាមម៉ូតូយកទៅមន្ទីរពេទ្យបង្អែក រការកោង តែជាអកុសល ដោយរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ ស្លាប់តែម្ដង ។ បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវភ្លាមៗ លុះព្រឹកឡើង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាក្រុមជនសង្ស័យ និងឃាត់ខ្លួនបានទាំង ០៤ នាក់ យកទៅធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ធាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់! ៕


ចែករំលែក៖