ព័ត៌មានទាន់ហេតុការណ៍៖

មហាក្សត្រថ្មីអង់គ្លេសថ្លែងសុន្ទរកថាដំបូងទៅកាន់ប្រជាពលរដ្ឋ

ចែករំលែក៖

ស្តេច Charles បានសន្យាថានឹងបំពេញរាជកិច្ច “ដោយភាពស្មោះត្រង់ ការគោរព និងសេចក្តីស្រឡាញ់” ដូចដែលព្រះមាតាជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះមហាក្សត្រី Elizabeth II បានធ្វើអស់រយៈពេលជាង៧ទសវត្សរ៍មកហើយ។
នៅក្នុងសុន្ទរកថាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ ក្នុងព្រះតំណែងជាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា បានបង្ហាញព្រះទ័យគោរពស្រឡាញ់ ស្ញប់ស្ញែងដល់ព្រះមាតាដែលបានយកព្រះទ័យទុកដាក់ដល់រាជវង្ស និងប្រជាពលរដ្ឋ។ ព្រះអង្គ Charles មានព្រះបន្ទូលទៀតថា ការយាងចូលព្រះពិរាល័យ របស់ព្រះមហាក្សត្រិយានី គឺនាំមកនូវភាពសោកសៅគ្មានទីបញ្ចប់និងអារម្មណ៍នៃការបាត់បង់ដែលមិនអាចបំភ្លេចបាន។
ព្រះមហាក្សត្រិយានី Elizabeth II ដែលជាស្តេចគ្រងរាជ្យយូរបំផុត នៅក្នុងប្រទេសអង់គ្លេសនិងនៅជុំវិញពិភពលោក បានយាងសោយព្រះពិរាល័យ(ចូលទិវង្គត)នៅថ្ងៃទី ៨ខែកញ្ញា នៅវិមាន Balmoral ប្រទេសស្កុតឡែន ក្នុងព្រះជន្ម៩៦ព្រះវស្សា ។ រាជបុត្រច្បង ព្រះអង្គម្ចាស់Charles បានក្លាយជាព្រះមហាក្សត្រដោយស្វ័យប្រវត្តិ ដោយយកព្រះបរមងារ ស្តេច Charles III ដែលមានឥទ្ធិពលទៅលើប្រទេសចំនួន១៤ ក្នុងនោះមានអូស្ត្រាលី កាណាដា និងនូវែលហ្សេឡង់ជាដើម ។
ព្រះមហាក្សត្រថ្មី Charles III ក៏បានសម្រេចតែងតាំងព្រះរាជបុត្រច្បង William ជារាជទាយាទ សម្រាប់ស្នងតំណែង នៅពេលអនាគត និងមហេសី William Kate ។ ព្រះអង្គក៏បានបង្ហាញពីក្តីស្រឡាញ់ដល់រាជបុត្រ Harry និងមហេសី Meghan បើទោះបីបានបោះបង់តំណែង ចេញទៅរស់នៅជាពលរដ្ឋធម្មតាក្តី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ congly.vn


ចែករំលែក៖