ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រីឡាន ប៊ុនធឿន​ ប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងកសាងអង្គភាពរបស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែល្អប្រសើរ មានភាពរីកចម្រើនបន្តទៀត

ចែករំលែក៖

    ខេត្តកំពត៖ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ នៅសប្តាហ៍នេះ លោកឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៣១ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងកងពលនិងក្រុមការងារ បានចុះត្រួតពិនិត្យការងារប្រឡងប្រណាំងលើ៥ខ្លឹមសារ តាមបណ្តាអង្គភាពទូទាំងកងពលតូចថ្មើរជើងលេខ៣១ ប្រចាំឆ្នាំ២០២២ ។

   លោកឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៣១ និងជាប្រធានក្រុមប្រឹក្សា ប្រឡងប្រណាំងកងពល បានមានប្រសាសន៍ថា ក្រោយពីការត្រួតពិនិត្យរួចមក សូមកោតសរសើរចំពោះមេបញ្ជាការតាមបណ្តាអង្គភាព ដែលខិតខំប្រឹងប្រែង កសាងជំរំ ជម្រកស្នាក់នៅដល់កងទ័ពឱ្យបានសមរម្យ មានអគារធ្វើការ អគារស្នាក់ រោងបាយ បង្គន់អនាម័យ រោងចិញ្ចឹមមាន់ អាងចិញ្ចឹមត្រី ស្រះចិញ្ចឹមត្រី សួនបន្លែ គ្រប់អង្គភាពទាំងអស់ ។ ចំណែកឯការដាំ និងចិញ្ចឹម មានការផុសផុល បំពេញបន្ថែមលើគោលរបបដែលមានស្រាប់ ធ្វើឱ្យជីវភាពរស់នៅកងទ័ពកាន់តែល្អប្រសើរ។

   លោកមេបញ្ជាការតាមបណ្តាអង្គភាពក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្តេជ្ញាចិត្តខិតខំប្រឹងប្រែង កសាងអង្គភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែល្អប្រសើរ មានភាពរីកចម្រើនបន្តទៀត។

    នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងពល ក៏បានប្រគល់បណ្ណសរសើរ លិខិតសរសើរ ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃនាពេលកន្លងមកផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖