ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គីស្ថិតនៅតំបន់អៃហ្កាវ៉ា ខេត្តហ្កាណាកាវ៉ា ប្រទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ដឹកនាំដោយ លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព អមដំណើរដោយមន្ត្រីនៃស្ថានទូត និងពុទ្ធបរិស័ទជាច្រើននាក់​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គីស្ថិតនៅតំបន់អៃហ្កាវ៉ា ខេត្តហ្កាណាកាវ៉ា ប្រទេសជប៉ុន ។

សូមបញ្ជាក់ថា, ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក​​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២​ ដែលជាវេនកាន់បិណ្ឌទី១ ស្របពេលដែលប្រជាពលរដ្ឋពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយរីករាយប្រកបដោយសទ្ធាជ្រះថ្លានៅក្នុងពិធីនះផងដែរ ។

លោក ឯកអគ្គរាជទូតនិងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក។

សូមបញ្ជាក់ទៀតថា, គ្រឿងទេយ្យទាន​ និងទេយ្យវត្ថុដែលយកទៅប្រគេនព្រះសង្ឃរួមមាន អង្ករ ស្ករស ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច​ ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន​ទៅវេប្រគេនព្រះសង្ឃ​គង់នៅវត្តខ្មែរសាមគ្គី ប្រទេសជប៉ុន។  

នៅក្នុងឱកាសនោះផងដែរ លោក ឯកអគ្គរាជទូត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន និងជម្រាបអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ កាន់តែជិតស្និទ្ធរវាងកម្ពុជា ជប៉ុន ព្រមទាំងមានការអភិវឌ្ឍន៍គ្រប់វិស័យនៅប្រទេសកម្ពុជា ឯកឧត្តមបានបញ្ជាក់ថា ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគុណតម្លៃនៃសន្តិភាព ដែលបានមកដោយលំបាក ឯកឧត្តមក៏បានរំព្ញកឲ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានកាន់តែរឹងមាំថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖