ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជិះកង់ឌុបគ្នា២នាក់ បានស្លាប់យ៉ាងសង្វេគ ដោយសាររថយន្តបុក

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានក្មេងស្រីចំនួន២នាក់បានស្លាប់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះកង់ និងអ្នកបើកបររថយន្តម៉ាក TOYOTA HIACE ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មេងស្រី២នាក់បានស្លាប់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣ និង៣២នាទី រសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុ គេឃើញក្មេងស្រី២នាក់ជិះកង់ ពណ៌ក្រហម ១គ្រឿង(ឌុបគ្នា)ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកចំណុចកើតហេតុបត់ឆ្លងផ្លូវពីត្បូងទៅជើង ស្របគ្នាមានរថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពាក់ស្លាកលេខ ភ្នំពេញ 2AF – 1183 បោះពួយយ៉ាងលឿនមកពីទិសខាងលិច បានជ្រុលបុកពេញទំហឹងប៉ើងដូចក្រដាស អ្នកបើកបររថយន្តបង្កឃើញបែបនេះបើកទ្វាររថយន្តចុះរត់គេចបាត់ ។

 ប្រភពព័ត៌មាននៅទីនោះបន្តទៀតថា ក្មេងស្រីជិះកង់ឈ្មោះ ស្រួន ចន្ទី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះ ចំណែកក្មេងស្រីរួមដំណើរឈ្មោះ វ៉េង ធារ៉ា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។

 ប្រភពដដែលបញ្ជាក់បន្ថែមថា ក្រោយមកគេឃើញសមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ផ្លូវគោក និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យជាក់ស្ដែង និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បច្ចុប្បន្ន វត្ថុតាងកង់និង រថយន្តសមត្ថកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធី ៕

ដោយ ៖ ប៉ឹម ពិន


ចែករំលែក៖