ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM) ដែលរៀបចំធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី នៃប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងចូលរួមក្នុងកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីនៃប្រទេស G20 ជាមួយដៃគូសង្គម (B20-L20) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលនឹងប្រារព្ធពិធីបេីកក្រោមអធិបតីរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងដឹកនាំកិច្ចប្រជុំដោយលោកស្រី អុីដា ហ្វូហ្សីយ៉ា រដ្ឋមន្រ្តីក្រសួងហត្ថពលកម្ម នៃសាធារណរដ្ឋឥណ្ឌូនេសុី។
ក្នុងកិច្ចប្រជុំនេះដែរ ដោយផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ និងជាឱកាសការពិភាក្សាក្នុងការផ្តល់ជម្រើសសម្រាប់គោលនយោបាយជាក់ស្តែង ដើម្បីពង្រឹងនិរន្តរភាព និងតុល្យភាពទីផ្សារការងារជាសកល៕
ដោយ៖សហការី