ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ឱ្យអ្នកដែលប្រឆាំងការកែរដ្ឋធម្មនុញ្ញមើលគំរូប្រទេសអង់គ្លេសទៅ !

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានប្រាប់ទៅឲ្យអ្នកដែលប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យទៅមើលពីរបៀបដែលចក្រភពអង់គ្លេសផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីថ្មី ដែលថាមិនខុសពីរបៀបដែលរដ្ឋធម្មនុញ្ញកម្ពុជាចែងនោះទេ។

 សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «មើលចុះមើលនៅប្រទេសអង់គ្លេសអស់លោកអ្នកដែលប្រឆាំងទៅនឹងការកែរដ្ឋធម្មនុញ្ញថាតើអង់គ្លេសគេធ្វើម៉េច? បោះឆ្នោតដំបូងទៅបោះឆ្នោតនៅក្នុងបក្សរបស់គេសម្រាប់តំណាងរាស្ត្រសមាជិកសភា បន្ទាប់ទៅគេយកទៅបោះសម្រេចចិត្តក្នុងបក្សរបស់គេ។ ដល់ជាប់បានហើយ គេអត់ទៅឆ្លងកាត់សភាទេ ទើបទៅជួបព្រះមហាក្សត្រី elizabeth ប៉ុន្មានម៉ោងមុនព្រះអង្គសោយទីវង្គត។ បន្តទៅគេក្លាយជានាយករដ្ឋមន្ត្រី គេអត់មាននាំគណៈរដ្ឋមន្ត្រីទៅសុំការទុកចិត្តពីសភាផង»។

សម្ដេចបានឲ្យអ្នកតាមដាននិងអ្នកវិភាគឲ្យពិនិត្យមើលអំពីប្រព័ន្ធរបស់ប្រទេសអង់គ្លេសមុននឹងយកមកនិយាយពីកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ការធ្វើពិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាថ្មីគឺមានភាពស្រដៀងគ្នានេះហើយមិនខុសទៅនឹងរដ្ឋធម្មនុញ្ញ ឬលិទ្ធិប្រជាធិបតេយ្យទេ។

សម្ដេចតេជោបន្ថែមថា៖ «ម៉េចក៏អស់លោកមិនទៅតិចទៀនអង់គ្លេសទៅ បើអស់លោកមិនច្បាស់មិនយល់ អស់លោកគួរតែស្ដាប់គេផង។ អស់លោកតែងតែចង់ឱ្យយើងធ្វើតាមអង់គ្លេស ធ្វើតាមប្រទេសជាងលឿន តែដល់យើងធ្វើតាម អស់លោកថាចេះអ៉ីចេះ អ៉ីចុះ»។

ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ។

សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានព្រឹទ្ធសភាបានសម្រេចផ្តល់យោបល់យល់ព្រមទាំងស្រុងលើទម្រង់ច្បាប់ និងគតិច្បាប់ដោយឥតកែប្រែដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលនាសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងវិមានសភាការពារច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងការពារនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដោយថាការធ្វើវិសោធនកម្មនេះបានការពារដល់គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងធានាដល់ស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កាន់តែត្រូវបានលើកតម្កើន។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា ៖ ទោះលោក ហ៊ុន ម៉ាណែត មិនមែនជាកូនសម្តេច ក៏សម្តេចនៅតែគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ព្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ 

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ វិធីសាស្ត្រ ហ៊ុន សែន បញ្ជាទ័ព អត់ចាំទាល់តែអគ្គបញ្ជាការ បានខ្ញុំបញ្ជា រដ្ឋមន្ត្រីការពារជាតិ បានខ្ញុំបញ្ជា អត់ទេ។ ជួបមេកងពល បញ្ជាមេកងពល ជួបមេភូមិភាគ បញ្ជាមេភូមិភាគ អ៊ីចឹងហើយបានគ្រប់គ្រងកម្លាំងបាន។ បើរង់ចាំបញ្ជាតាមខ្សែរយៈវ៉ៃខ្មែរក្រហមអត់ឈ្នះទេ ៕


ដោយ : សិលា


ចែករំលែក៖