ព័ត៌មានទាន់ហេតុការណ៍៖

ទឹកប្រឡាយអូរវែង និងប្រឡាយមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហក់ឡើងពេញប្រៀបជិតដល់ផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ទឹកប្រឡាយអូរវែងនិងទឹកប្រឡាយមុខក្រសួង ដែនដីនគរូបនីយកម្មនិងសំណង់ ធម្មតាត្រូវហូរចាក់ទៅ កាន់ស្ថានីយបូមទឹកកប់ស្រូវទី១ ដែលមានម៉ូទ័រដើរដោយអគ្គិសនីចំនួន៥គ្រឿង តែដោយសារនៅល្ងាចថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅលើភាគខាងជើងនៃរាជ ធានីភ្នំពេញមានបរិមាណទឹកភ្លៀងធ្លាក់ច្រើន ស្ថានីយបូមទឹកកប់ស្រូវទី១ មានភាពរអាក់រអួល ធ្វើឱ្យទឹកនៅក្នុងប្រឡាយនាំទឹកចេញពីក្នុងក្រុងមានទឹកកើនឡើងជាលំដាប់បង្កឱ្យមានការលិចលង់តំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅពេលទឹកប្រឡាយអូវវែងបន្តកើនឡើងខ្ពស់លោក ឯក ឃុនឌឿនអភិបាល ខណ្ឌឬស្សីកែវ រួមជាមួយក្រុមការងារ បានចុះពិនិត្យ មើលហេតុផលតាំងពីដើមទីរហូតដល់ចុងទីនៃផ្លូវដោះទឹក រួចហើយសម្រេចបើកទ្វារទឹកគីឡូម៉ែត្រលេខ៩ឱ្យទឹកហូរចូលទៅ ទន្លេក្នុងពេលទឹកទន្លេមានកម្ពស់ទាបជាងទឹកនៅក្នុងប្រឡាយដោយមានដាក់មន្ត្រីប្រចាំការដើម្បីចាំបិទបើកទ្វារទឹកនេះកុំឱ្យទឹកទន្លេហូរចូលមកក្នុងប្រឡាយវិញ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ទន្ទឹមនិងដាក់មន្ត្រីប្រចាំការនៅតាមទ្វារទឹកនិងស្ថានីយបូមទឹក ក្រុមការងារ ក៏បានកាយស្តារប្រឡាយកន្លែងដែលមានការ កកស្ទះដោយសំរាម ដើម្បីឱ្យទឹកហូរបានលឿនទៅដល់ស្ថានីយបូមទឹកកប់ស្រូវ។ ចំពោះទ្វារទឹកគីឡូម៉ែត្រលេខ៩ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់ថា នឹងសាង សង់ស្ថានីយបូមទឹកថ្មីក្នុងពេលឆាប់ៗខាងមុខនេះសម្រាប់ដោះទឹកប្រឡាយអូរវែងចូលទៅក្នុងទន្លេសាបតែម្តង។

លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យ ដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា តំបន់ទួលសង្កែ កាល ពីល្ងាចថ្ងៃទី១២ ខែកញ្ញា មានភ្លៀងធ្លាក់ដល់កម្រិត ៥៨ មីលីម៉ែត្ររួមផ្សំជាមួយនឹងទឹកហូរមកពីតំបន់ផ្សេងផងធ្វើឱ្យប្រឡាយដោះទឹកនៅក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវដោះទឹក មិនទាន់នាំឱ្យមានការលិចលង់។

របាយទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោងត្រឹមព្រឹកថ្ងៃ ទី១៣ ខែកញ្ញា នៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់កម្រិតពី៧ដល់៥៨មីលីម៉ែត្រ, នៅខេត្តរតនគិរីមានភ្លៀងធ្លាក់កម្រិតពីតិចដល់៨៩មីលីម៉ែត្រ, មណ្ឌលគិរីមានភ្លៀងធ្លាក់កម្រិតពីតិចដល់៣១មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំមានភ្លៀងធ្លាក់កម្រិតពីតិចដល់៦០មីលីម៉ែត្រ, ខេត្តផ្សេងពីនេះក៏មានភ្លៀងធ្លាក់ដែរ តែក្នុងកម្រិតពីតិចទៅមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងស្តីអំពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០២២ថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលនៅក្នុងសប្តាហ៌នេះនឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹងបានបន្តទៀតថា ស្ថានភាពបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សា សេ និង សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសានមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ,អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២២ទៅ២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី ៣០ទៅ៣២អង្សាសេ,អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ យោង តាមស្ថានភាពធាតុអាកាសដូចខាងលើ ក្រសួង ធនធាន ទឹកនិងឧតុនិយម សូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាននិងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនកន្លងមកនិងភ្លៀងជាបន្តបន្ទាប់បន្ថែមផ្ទួនៗ៕

ដោយ៖ សូរិយា


ចែករំលែក៖