ព័ត៌មានទាន់ហេតុការណ៍៖

នៅមានចំណុចខ្វែងគ្នារវាងតំណាងភាគីកម្មករនិយោជិត និងនិយោជកស្ដីពីបញ្ហាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំលើកទី៤ដែលបានបញ្ចប់នៅព្រលប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ស្ដីពីបញ្ហាប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនីនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយ។ ដោយរង់ចាំការប្រជុំជាចុងក្រោយនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២សប្តាហ៍ក្រោយនេះ។យ៉ាង ណាក៏ដោយគេរំពឹងថា ផលវិជ្ជមានសម្រាប់កម្មករកម្មការិនីនិងចេញជារូបរាង។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នារសៀលថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ការរង់ចាំនោះគឺនៅលើជំហរបស់ភាគីកម្មករនិយោជិតដែលអាចនឹងបញ្ចុះតម្លៃគោលរបស់ខ្លួន។

ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

– តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង

– តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន

– តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕

ដោយ៖ សូរិយា


ចែករំលែក៖