ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់លើផ្លូវបេតុងមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានវីននីសថ្មីទាំងកណ្ដាលថ្ងៃ។

ហេតុការណ៍ប្រទះឃើញសពកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានវីននីសថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ NGYUEN PHUC HAU  អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ខេត្តកាវម៉ៅ ប្រទេសវៀតណាមកាន់លិខិតឆ្លងដែនលេខ K0262310 ។

ប្រភពបន្តថានៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ដេកស្លាប់នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានវីននីសថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

ក្រោយមក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវេជ្ជ អ៊ុង សុវណ្ណឌី គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ឃើញថាសាកសព ខាងលើនេះ គឺស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តទៅប្រគល់ជូននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្ររក្សាទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖