ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពង់ធំ ប្រារព្វពិធី ទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ នៃកម្ពុជាបានថ្លែងថា សូមប្រជាពលរដ្ឋ ត្រូវចូលរួមប្រើប្រាស់ប្រាក់រៀលអ្វីដែលអាចធ្វើទៅបាន ជាពិសេសចរាចរណ៍ប្រាក់រៀលឱ្យកាន់តែខ្លាំង ជាពិសេសការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀលឱ្យបានស្មើគ្នា ឧទាហរណ៍ ទូទាត់១ដុល្លារ ស្មើនិង ៤,២០០រៀល ដូច្នេះហើយតម្លៃលក់ ១ដុល្លារ អតិថិជនចាយលុយរៀល ទារឱ្យគាត់បង់ ៤,២០០រៀល ដូច្នេះហើយសូមបញ្ចាសមកវិញ ឱ្យលុយដុល្លារ សូមឱ្យបង់ ១ដុល្លារថែម២០០រៀលវិញ ។ 

     នាឱកាស លោកស្រីបណ្ឌិត ជា សិរី លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៥០០នាក់ ចូលរួមកម្មវិធី ទិវាប្រាក់រៀល ខួបលើកទី៤២ «នៃការដាក់ឲ្យប្រើប្រាស់រៀលឡើងវិញ» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណ សួនច្បារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ 

      លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាលបានបន្តថា តាមរយៈបទពិសោធន៍ឆ្លងកាត់ផ្ទាល់ ឬតាមរយៈ សៀវភៅប្រវត្តិសាស្ត្រ និងប្រភពឯកសារផ្សេងទៀត របបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ពី ឆ្នាំ១៩៧៥ ដល់១៩៧៩ បានលុបបំបាត់ចរាចរណ៍ប្រាក់រៀល ទីផ្សារ កម្មសិទ្ធិឯកជន និងខឿន សេដ្ឋកិច្ចនិងសង្គមទាំងអស់ ជាមួយនឹងផ្នត់គំនិតបែបរវើរវាយថាទង្វើនេះនឹងប្រែក្លាយ សង្គមកម្ពុជាទៅជាសង្គមស្មើភាពនិងមានភាពរីកចម្រើន។ ការអនុវត្តតាមទស្សនជ្រុលនិយម បានធ្វើឱ្យកម្ពុជាដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់ សមិទ្ធផលសេដ្ឋកិច្ច និងសង្គមជាតិទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាល ត្រូវកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យដោយពេលនោះការងារ ចម្បងមួយ ក្នុងចំណោមការងារអាទិភាពនានា គឺការបោះពុម្ពប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច។ ជាមួយកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកម្ពុជានាពេលនោះ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។

      លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាលបន្ថែមថា ទោះយ៉ាងណា ប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុកចិត្ត ដូចសព្វថ្ងៃ។ ឧបសគ្គទាំងនោះរួមមាន៖ ១-ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ ២-ការអូសបន្លាយ នៃសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាព ទូលំទូលាយនៅតំបន់មួយចំនួន ជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និង៣ -លំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅដើម ទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយវិបុលភាព ។

      លោកស្រីបណ្ឌិត អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌ អនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដូច ពាក្យស្លោកមួយដែលគ្របដណ្តប់ជារួមពីអត្ថន័យនៃសារៈសំខាន់របស់ប្រាក់រៀលថា៖ “ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”។

      ទន្ទឹមនោះដែរ ក្នុងកម្មវិធិខាងលើបានសង្កេតឃើញមាន អាជីវករ ប្រជាពលរដ្ឋ បានយកក្រដាសប្រាក់រៀលចាស់ៗ ខូចខាត់២០ ទៅ៣០ភាគរយ មកដូរយកក្រដាសប្រាក់រៀលថ្មីៗវិញ ដើម្បីចូលរួមចរាចរណ៍ក្រដាសប្រាក់រៀលអោយបានកាន់តែខ្លាំងឡើងនៅលើទីផ្សារសិរី និងឆាកអន្តរជាតិ ៕

ដោយ៖កែវ មន្នី


ចែករំលែក៖