ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផ្តល់ជំនួយអាវុធមានទឹកប្រាក់៦០០លានដុល្លារដល់អ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី១៥ខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការផ្តល់ជំនួយអាវុធដែលមានទឹកប្រាក់៦០០លានដុល្លារដើម្បីជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែសេតវិមានមិនបានបញ្ជាក់ថាអាវុធប្រភេទណាដែលអាមេរិកផ្តល់ឱ្យនោះឡើយ។
ក្នុងពេលនេះដែរ ក្រសួងការបរទេសរុស្ស៉ីបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយនោះវានឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនក្លាយជា«ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានបន្ថែមថា រុស្ស៊ី «រក្សាសិទ្ធិការពារទឹកដីរបស់ខ្លួន» ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងកៀវទៀតនោះ វាអាចនិយាយបានថាជាការដើរហួសខ្សែបន្ទាត់ក្រហមដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយទៅជាភាគីផ្ទាល់នៃជម្លោះនេះដែរ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ ៦០០លានដុល្លារដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ កញ្ចប់ជំនួយយោធាថ្មី ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ។ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​vtc.vn


ចែករំលែក៖