ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំសិក្ខាសាលា ស្តីពី ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការសាកល្បងមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុក្នុងបរិបទប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិការអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ សរុបចំនួន៤០រូប។
សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញមកពីស្ថាប័នពាក់ព័ន្ធការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ក្នុងការស្វែងយល់លើក្របខ័ណ្ឌយុទ្ធសាស្ត្រ និងអភិបាលកិច្ចក្នុងពេលសាកល្បងមាត្រា៦ ដើម្បីចៀសវាងហានិភ័យនៃការសម្រេចចិត្តលើការលក់ឥណទានកាបូនលើស ដែលអាចប៉ះពាល់ដល់ការបេ្តជ្ញាចិត្តរបស់កម្ពុជា។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះនឹងពិភាក្សា (១) ការចូលរួមក្នុងមាត្រា៦ ដែលផ្តល់សេចក្តីសង្ខេបលម្អិតនៃមាត្រា៦ (២) ជម្រើសវិធីសាស្រ្តសម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលទីមួយ ជំហានទី១ ការចូលរួមជាការសាកល្បង មាត្រា៦ និងព័ត៌មានលម្អិតនៃជម្រើសវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនទៀត (៣) ការពិភាក្សាលើជម្រើសនៃវិធីសាស្រ្តដែលចង់បាន ដើម្បីកំណត់នូវជម្រើសវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់បរិបទប្រទេសកម្ពុជា៕
ដោយ៖សហការី