ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងថា, កាលពីឆ្នាំ២០២០ នៅពេលដែលខ្ញុំមកបំពេញបេសកកម្មនៅខេត្តបាត់ដំបង កាលនោះខ្ញុំក៏បានសំណេះសំណាលជាមួយលោកនាយកវិទ្យាល័យពេជ្រចិន្តា ដែលជាជ័យលាភីលេខ១ ការប្រលងប្រជែងវិទ្យាល័យគំរូ ហើយក៏បាននឹកគិតថានឹងមកទស្សនកិច្ចនៅវិទ្យាល័យនោះម្តង បើមានឱកាស។
លោកថ្លែងបន្តថា, ថ្ងៃនេះ ខ្ញុំបានមកដល់វិទ្យាល័យនេះដោយផ្ទាល់ ដើម្បីពិនត្យស្ថានភាពជាក់ស្តែងរបស់សាលា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងសហគមន៍ទាំងមូលដែលបានចូលរួមធ្វើឱ្យវិទ្យាល័យនេះមានសោភ័ណភាពល្អប្រពៃ ប្រកបដោយសណ្តាប់ធ្នាប់ វិន័យខ្ពស់ អនាម័យ បរិស្ថានស្អាត។ គ្រឹះស្ថានអប់រំ គឺជាមជ្ឈដ្ឋានសំខាន់មួយសម្រាប់ការបណ្តុះស្មារតី មនសិការរបស់យុវជន បន្ថែមពីលើការអប់រំចំណេះដឹងទូទៅ។ ពិតណាស់ ការផ្តល់គម្រូល្អក្នុងការរស់នៅប្រកបដោយសីលធម៌ ទំនួលខុសត្រូវ និងការគោរពគ្នាតាមរយៈការរៀបចំបរិវេណសាលារៀននេះគឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកសាងធនធានមនុស្សដែលមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ តែក៏ពោរពេញដោយធម៌ផងដែរ៕
ដោយ ៖ សិលា