ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ ៖​ បន្តឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកជលគិរី ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ កាលពីព្រឹកមិញនេះ​ បាននាំយកអង្ករចំនួន ២៥០គីឡូក្រាម មី ៥កេះ ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ អាវរងា៥ មុង៥ ជែលលាងដៃ ១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនមានលទ្ធភាពរៀបចំជាចង្កាន់ និងបច្ច័យសម្រាប់ធ្វើបុណ្យ  ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ 

ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការរង តំណាងលោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អគ្គលេខាធិការសមាគម ក៏ដូចជាលោក​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី​ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៥គ្រួសារ ។ លោកមេបញ្ជាការរង បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម ,លោកអគ្គលេខាធិការ ព្រមទាំង លោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់ ។

ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,លោក គន់ គីម ,លោក ហ៊ុន ម៉ាណែត និងលោកស្រី​ ,លោកអភិបាលខេត្ត ព្រមទាំង លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុក និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ សម្តេច លោក លោកស្រី​ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖